របបសន្តិសុខសង្គមជាសមិទ្ធិផលថ្មីមួយ របស់រាជរដ្ឋាភិបាលក្នុងរយៈពេល៤០ឆ្នាំមកនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៖


រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុក បេឡាជាតិរបបសន្តិសុខសង្គមជាសមិទ្ធិផលការងារដ៏ជោគជ័យមួយរបស់រាជរដ្ឋាភិបាលក្នុង រយៈពេល៤០ឆ្នាំមកនេះ ដើម្បីការពារសំណាញ់សុវត្ថិភាពក្នុងសង្គម សម្រាលបន្ទុកជីវភាពជូនដល់មន្ត្រីរាជការ និងកម្មករ តាមរយះការព្យាបាលជំងឺដោយគ្មានការបង់ថ្លៃ។
ឯកឧត្តម ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បើប្រទេសជាតិពុំ មានសុខសន្តិភាពក្នុងរយះពេល៤០ឆ្នាំនេះទេ រាជរដ្ឋាភិបាលក៏គ្មានលទ្ធភាពក្នុងការបង្កើតឲ្យមាន គោលនយោបាយ បេឡាជាតិរបបសន្តិសុខសង្គមនេះដែរ។ម៉្យាងទៀតបេឡាជាតិរបបសន្តិសុខសង្គមនេះគឺ ដើម្បីការពារអត្ថប្រយោជន៍ជូនមន្រ្តីរាជការ និងកម្មករកម្មការិនី។
ថ្លែងក្នុងពិធីប្រគល់និងទទួលបណ្ណរបបបេឡាជាតិសន្តិសុខសង្គមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ចាប់ពីពេលនេះ ទៅមន្រ្តីរាជការ និងកម្មករ គឺគ្មានការព្រួយបារម្ភពីការខ្វះខាតប្រាក់កាសសម្រាប់ព្យាបាលជម្ងឺទៀតឡើយ ដែលនេះគឺជាការយកចិត្តទុកដាក់ដឹងសុខដឹងទុក្ខរបស់រាជរដ្ឋាភិបាលចំពោះមន្រ្តីរាជការ និង បងប្អូនកម្មករ។
លោក ស៊ុំ សោភ័ណ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បសសនេះគឺជាសមទ្ធិផលថ្មីមួយរបស់រាជរដ្ឋាភិបាលដែលធ្វើឲ្យមន្រ្តីរាជការ កម្មករមានរបបថែទំាសុខភាព ហានិភ័យការងារ និងប្រាក់សោធននិវត្តន៍។ លោកបានបញ្ជាក់ថា បសសនឹងខិតខំបំពេញការងាររបស់ខ្លួនអោយកាន់តែល្អបន្ថែមទៀត ដើម្បីផ្តល់សេវាជូនដល់មន្រ្តីរាជការ និងកម្មកប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគ្មានការរើសអើង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ បេឡាជាតិជាតិរបបសន្តិសុខសង្គម បានទទួលពាន រង្វាន់ស្តីពីការធ្វើសេវាល្អសម្រាប់ការថែទំាសុខភាព ពីសមាគមសន្តិសុខអាស៊ាន។ ដោយឡែកបើគិតចាប់ពីដំណើរការនៅឆ្នាំ២០០៨ រហូតដល់ដំណាច់ឆ្នាំ២០១៨ បសសបានផ្តល់អត្ថប្រយោជន៍ផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោគជកជាង២សែន១ម៉ឺននាក់។ ចំណែកការថែទំាសុខភាពបានផ្តល់សេវាដល់កម្មករនិយោជិកបានចំនួនជាង២លាន២សែន ដង ក្នុងចំណោមកកម្មករសរុបជាង ១លាន៥សែននាក់។ រីឯបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការសាធារណៈដែលបានដំណើរការចាប់ពីដើមឆ្នាំ២០១៨មកនេះមានវិសាលាភាពជាង៣សែន១ម៉ឺននាក់៕