បណ្តាមេដឹកនាំសាសនា និងក្រុមមន្រ្តីស៊ីវិលនឹងធ្វើទស្សនកិច្ចនៅ ប្រទេសកូរ៉េខាងជើងសម្រាប់ព្រឹត្តិការណ៍ឆ្នាំថ្មី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — មេដឹកនាំសាសនាមួយក្រុម​ ក្រុមមន្រ្តីស៊ីវិល​ និងបណ្តាអ្នកច្បាប់ បានគ្រោងនឹង​ធ្វើ​ទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនាថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីមួយ​ជាមួយ​ពួក​សមភាគីកូរ៉េខាងជើង​របស់ពួកគេ។

គណៈប្រតិភូមួយក្រុម ដោយរួមមាន​ពលរដ្ឋកូរ៉េខាងត្បូងប្រមាណ​២៥០នាក់ គ្រោងនឹង​ឆ្លងព្រំដែនអន្តរកូរ៉េនៅភាគខាងកើត ទៅកាន់ Mount Kumgang ស្ថិតនៅឈូងសមុទ្រខាង​កើត​របស់កូរ៉េខាងជើង សម្រាប់ការស្នាក់ទីនោះចំនួន២ថ្ងៃ។ ពួកគេទាំងនោះរួមមានបណ្តា​មេដឹកនាំសាសនាធំៗរបស់កូរ៉េខាងត្បូង​ ​និងតំណាងក្រុមប្រជាពលរដ្ឋ​ដែលមាន​ស្រ្តី យុវជន និងបណ្តាសហគមន៍កសិករជាដើម។ អ្នកយកព័ត៌មានប្រមាណ​១០នាក់ បានស្ថិតនៅក្នុង​ចំណោមពួកគេនោះផងដែរ។

ក្នុងអំឡុងពេលការស្នាក់នៅពីរថ្ងៃនេះដែរ ពួកគេបានគ្រោងនឹងធ្វើព្រឹត្តិការណ៍ឆ្នាំថ្មីរួមគ្នា​មួយ​ នឹងធ្វើកិច្ចប្រជុំនានាជាមួយបណ្តាសមភាគីកូរ៉េខាងជើងរបស់ពួកគេ។ នៅថ្ងៃទីពីរពួកគេ​គ្រោងនឹងទស្សនាព្រះអាទិត្យរះរួមគ្នា ព្រមទាំងធ្វើទស្សនកិច្ចនៅវិហារមួយផងដែរ។

ពួកគេបានគ្រោងនឹងស្នើសុំនូវគម្រោងកិច្ចប្រតិបត្តិការធំៗមួយចំនួន​មានដូចជា៖ ការ​ស្នាក់​នៅនឹងវត្ត សន្និសីទនានាសម្រាប់អ្នកបណ្តុះបណ្តាល និងការផ្លាស់ប្តូរនិស្សិតគ្នាទៅវិញ​ទៅមកនៅក្នុងវិស័យកីឡា និងសិល្បៈ។

ទាំងនេះ ធ្វើជាការកត់សម្គាល់នូវព្រឹត្តិការណ៍ឆ្លងកាត់ព្រំដែនជាលក្ខណៈស៊ីវិលរួមគ្នាលើក​ដំបូងមួយ​នៅក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនេះរបស់ពួកគេ បានធ្វើឡើងក្នុងរយៈពេល​ប្រមាណ​បីខែ បន្ទាប់ពីពួកមន្រ្តីនៃក្រុមប្រឹក្សាកូរ៉េទទួលបន្ទុក​ការផ្សះផ្សា និងកិច្ចសហប្រតិ​បត្តិការ បានធ្វើទស្សនកិច្ចនៅ Mount Kumgang កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ សម្រាប់ព្រឹត្តិការណ៍​រួមគ្នាមួយ ដើម្បីអំពាវនាវឱ្យមានការ     អនុវត្តឱ្យបានពេញលេញ​នៃកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូល​អន្តរកូរ៉េកាលពីឆ្នាំកន្លងទៅនោះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )