ឯកឧត្ដម ឃួង ស្រេង ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខណ្ឌសែនសុខ

AKP ភ្នំពេញ​ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងដូចជា ទឹក ភ្លើង និងសំរាមជាដើម។  ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម ចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន១១៣៤នាក់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បងប្អូនកម្មករ កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានគិតគូរសុខ ទុក្ខនិងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេលវេលាតាមរយៈកញ្ចប់អត្ថ ប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើង ទទួលបានផលប្រយោជន៍រួមទាំងប្រាក់ បៀវត្សរ៍បានសមរម្យទៀតផង។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា កន្លងមកតាមរយៈការទទួលជួបសំណេះ សំណាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានប្រកាសអំពីគោល នយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយមានប្រាក់ឈ្នួលប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០ភាគរយជាដើម។ល។ នា ឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បាននាំយកថវិការបស់សម្តេ​ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង១.១៣៤នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀល។

ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី តាមរោងចក្រទាំងអស់ សូមកុំយកថ្ងៃ១៤ ខែកុម្ភៈ ទៅប្រព្រឹត្តិរឿងស្នេហាប្រាសចាកប្រពៃណី វប្បធម៌ខ្មែរ។ ថ្ងៃនៃក្តីស្រឡាញ់ មិនមែនសំដៅតែទៅលើរឿងស្នេហាស្រី-ប្រុសនោះទេ គឺជាសេចក្តីស្រឡាញ់ចំពោះឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ជីដូនជីតា និងមិត្តភក្តិជាដើម។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានឱ្យដឹងថា ខណ្ឌសែនសុខ មានរោង ចក្រចំនួន៤៨រោងចក្រ និងសហគ្រាសចំនួន១៩សហគ្រាស មានកម្មករសរុបចំនួន ២៩.២៦២នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន៣៤.៣២៤នាក់៕

ដោយ សួស សំរិត