លោក ហឿ ស៊ីយ៉ែម ជំរុញ​ឱ្យ​សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ ក្នុង​ខេត្តក្រចេះ ត្រូវបង្កើន និងពង្រឹងសកម្មភាពក្នុងការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ

AKP ក្រចេះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ហឿ ស៊ីយ៉ែម អភិបាលរង​ខេត្ត​ក្រចេះ​បាន​ជំរុញ​ដល់​​លោក លោកស្រី ដែលជា សមាជិកសមាជិការក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបង្កើនប្រសិទ្ធភាពបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតប ទៅតាមតម្រូវការចាំបាច់នៅថ្នាក់មូលដ្ឋាន និងការចូលរួមឱ្យបានរាល់គ្រប់សកម្មភាពរបស់​សមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលត្រូវបានអនុម័តផែនការសកម្មភាពអនុវត្តន៍ នៅក្នុងឆ្នាំនេះ។ ការជំរុញនេះធ្វើ ឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិស ដៅអនុវត្តន៍បន្តឆ្នាំ២០១៩ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកអភិបាលរងខេត្តក្រចេះ ក៏បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សមាជិក សមាជិកា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ នៅខេត្តក្រចេះ​ ដែល បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងចាប់តាំង ពីការបង្កើតនិងពង្រីកសមាគមតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះ ដែលសម្រេចបាន នូវលទ្ធផលគួរជាទីមោទនៈ ក្នុងការប្រមូលផ្ដុំសំឡេងគ្នា​ ដើម្បីជជែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការតាក់តែងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមកំណែ ទម្រង់វិមជ្ឈការ​  និងវិសហមជ្ឈការ។

លោក ហឿ ស៊ីយ៉េម ក៏បានថ្លែង​អំណរគុណ​​ចំពោះ​សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្តទទួល ខុសត្រូវគ្រប់គ្រងតាមដាន​​និងការស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានាដើម្បីជួយ ឧបត្ថម្ភថវិកាបន្ថែម និងការផ្ដល់វគ្គបណ្ដុះបណ្ដាល សមត្ថភាពជូនដល់សមាជិកសមាគមក្រុម ប្រឹក្សា ក្រុង​ ស្រុក ឃុំ សង្កាត់ ទាំងអស់នៅទូទាំងរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ   ជួន សុជាតិ