កម្ពុជានឹងរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧នៅចុងខែកុម្ភៈនេះដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧នៅចុងខែកុម្ភៈនេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនឡើងថែមទៀត។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ​ទីក្រុង​ស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន​រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ទិវាជាតិទីក្រុងស្អាតលើកទី៧នេះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ ២០១៩ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ទិវានេះ រៀបចំឡើងក្នុងគោលបំណងជំរុញឲ្យទីក្រុងទាំងអស់ឲ្យបង្កើនការប្រគួតប្រជែងគ្នា​ផ្នែក​អនាម័យ បរិស្ថាន ផ្នែកសន្តិសុខ គំនិតឆ្នៃប្រឌិតទាក់ទាញភ្ញៀវទេសចរ​។ជាមួយគ្នានោះក៏នឹងមានប្រគល់​លាភី​“រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” លើកទី៣ , ជ័យ​លាភី“ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០១៨ និងប្រគល់ជ័យលាភី “បង្គន់សាធារណៈកម្ពុជា” លើកទី១ ។

ឯកឧត្តម ណេប សាមុត អគ្គលេខាធិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាន​ប្រាប់អ្នកសាព័ត៌​មានក្រោយ​កិច្ច​ប្រជុំនោះថា នៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី៧នេះ ដែរក្រសួងទេសចរណ៍បានត្រៀមប្រកាសឲ្យមានប្រព័ន្ធ​ចំណាត់​ថ្នាក់វិថីម្ហូបអាហាតាមដងផ្លូវនិងសេវាកម្មរបស់តូបលក់ម្ហូបអាហារតាមដងផ្លូវដើម្បីបង្កើនប្រសិទ្ធិភាពសេវកម្មទេសចរណ៍ឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៨កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៦លាន២សែននាក់ក្នុងនោះភ្ញៀវទេសចរ​ចិនឈរក្នុងលំដាប់ថ្នាក់ទី១មានប្រមាណ២លាននាក់។
តាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាន៥សែននាក់នៅឆ្នាំ២០២០ និងនាំមកនូវ​ចំណូល​សរុបប្រមាណ៥០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារដោយផ្ទាល់ជូនប្រជាជនកម្ពុជាប្រមាណ១លាននាក់៕