​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បើកសន្និបាត បូកសរុបវាយតម្លៃលទ្ធផលការងារ​ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ​២០១៩

AKP កំពង់​ចាម ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ​នៅ​ព្រឹក​ថ្ងៃចន្ទ ​៧កើត ​ខែ​មាឃ ​ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ​ពុទ្ធសករាជ​២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់​ចាម​​មន្ទីររៀបចំ​ដែនដី​  នគរ​រូប​នី​យក​ម្ម​ ​សំណង់ និង​សុរិយោដី​ខេត្ត​កំពង់​ចាម បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និងលើកទិសដៅ​ការងារឆ្នាំ​២០១៩​ ​ក្រោម​អធិបតីភាព​របស់ឯកឧត្តម ​គួច ចំរើន អភិបាលនៃ គណៈអភិបាល​ខេត្ត​កំពង់​ចាម​ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានអង្គភាពមន្ទីរនានា អាជ្ញាធរពាក់ព័ន្ធ​ជាច្រើនរូបទៀតផងដែរ។

លោក លោក ធួន ជេដ្ឋា  ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរាយការណ៍សង្ខេបពីលទ្ធផលការងារកន្លងមក និងសកម្មភាពការងារអនុវត្តន៍កន្លងមកក្នុងការការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ការចុះបញ្ជីក្បាលដី  ការដោះស្រាយវិវាទដីធ្លី ការគ្រប់គ្រងសំណង់លំនៅឋាន និងរៀបចំផែននគររូបនីយកម្មនិងសំណង់ស្របយុទ្ធសាស្ត្រការងារដែលត្រូវអនុវត្តន៍លើការរៀបចំដែនដី និងការគ្រប់គ្រងដីធ្លី ព្រមទាំងរបៀបដោះស្រាយទំនាស់ដីធ្លីដោយសន្តិវិ​ធី និងទៅតាមផ្លូវច្បាប់របស់រដ្ឋក្នុងការរួមចំណែកជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។

ថ្លែងក្នុងឱកាសនោះ​ឯកឧត្តម​ គួច ចំរើន អភិបាលរងខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ក្នុងក្របខ័ណ្ឌការងារជំនាញទាំងអស់ដែល បានពុះពារខិតខំសម្រេចបាននូវសមិទ្ធផលរួមដ៏ធំធេងជូនដល់រាជរដ្ឋាភិបាលដូចជាការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ការចុះបញ្ជីក្បាលដី  ការដោះស្រាយវិវាទដីធ្លី ការគ្រប់គ្រងសំណង់លំនៅឋាននិងរៀបចំផែននគរូបនីយកម្មនិងសំណង់បានល្អ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការគ្រប់គ្រងដីធ្លី ការប្រើប្រាស់ ការបែងចែក និងការដោះស្រាយនូវវិវាទដីធ្លីជាចំណុចអាទិភាពរបស់អាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុតក្នុងការគ្រប់គ្រង និងដោះស្រាយ។ នៅឆ្នាំ២០១៩ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបាន កំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងអាណតិ្តទី៦របស់រដ្ឋសភាក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ តាមរយៈការចុះ បញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធ ការរួមគ្នាដោះស្រាយវិវាទដីធ្លី ការគ្រប់គ្រងសំណង់ និងការរៀបចំផែនទីគ្រប់គ្រងរដ្ឋបាលខេត្ត។

​ឯកឧត្តម ​គួច ចំរើន បានលើកឡើងថា តាមរយៈអង្គសន្និបាតនេះពិតជាបានរកឃើញ និងវិធានការដែលបានលើកឡើងសម្រាប់ការដោះស្រាយកង្វល់នានា ពាក់ព័ន្ធនឹងការពង្រឹង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដីធ្លីការងារ ដោះស្រាយវិវាទដីធ្លីការរៀបចំដែនដី និងនគរូបនីយកម្ម ការងារសំណង់ ការងារលំនៅឋាន រួមទាំងការងារសម្បទានដីសង្គមកិច្ចសម្រាប់ផ្នែក ជំនាញពាក់ព័ន្ធបន្តត្រួតពិនិត្យ និងរកដំណោះស្រាយ ជួយពេលខាងមុខនៅឆ្នាំ២០១៩។

ឯកឧត្តម ​គួច ចំរើន ​បានដាស់តឿនដល់មន្ត្រីទាំងអស់ ត្រូវខិតខំពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពផ្នែកបច្ចេកវិទ្យាថ្មីៗជាប្រចាំលើវិស័យសំណង់ និងសុរិយោដី។ ពន្លឿនការងារចុះបញ្ជី ផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេស សល់ទូទាំងខេត្ត។ ត្រូវខិតខំដោះស្រាយ សម្របសម្រួល បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្ត។ ពង្រឹងការគ្រប់គ្រងវិស័យសំណង់ឱ្យមានប្រសិទ្ធភាព។ ជំរុញការផ្តល់សេវាសាធារណៈ​ ជូនដល់ប្រជាពលរដ្ឋ ព្រោះការងារនេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យសំណង់ និងសុរិយោដី។

​ឯកឧត្តម ​គួច ចំរើន  បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះមន្ទីរ ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួបរួមសាមគ្គីជា ធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត ជូនរាជរដ្ឋាភិបាលដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរទៀតគឺ (កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ) ដោយស្មារតី ឯករាជ្យ៕

ដោយ ឆាយ ម៉ុត