ក្រសួងពាណិជ្ជកម្មផ្ដល់សិទ្ធិផ្តាច់មុខលើការនាំចូល និងចែកចាយនូវផលិត​ផល៥​ប្រភេទរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងពាណិជ្ជកម្ម បានប្រកាសទទួលស្គាល់អំពីសិទ្ធិផ្តាច់មុខលើការនាំចូល និងចែកចាយ នៅទូទាំងប្រទេសនូវផលិតផលដែលពាក់ម៉ាក COCA-COLA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY, DASANI ដែលជាផលិតផលរបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី  លីមីធីត (កូកា-កូឡា កម្ពុជា)។ នេះបើយោងតាមសេចក្ដីជូន​ដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា  ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ទទួល បានសិទ្ធិផ្តាច់មុខក្នុងការនាំចូល  និងចែកចាយក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នូវផលិត ផលដែលពាក់ម៉ាក់ដូចរៀបរាប់ខាងលើចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ តទៅ  តាមរយៈលិខិត​កត់ត្រា និងតម្តល់សិទ្ធិផ្តាច់មុខលេខ៖៤៤៨៣ ពណកសប ចុះថ្ងៃទី១៣-ធ្នូ-២០១៨ របស់​ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការទទួលបានសិទ្ធិចែកចាយ​ផលិតផលរបស់ក្រុមហ៊ុននេះ មានសុពលភាពរយៈពេលពីរឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថ​លេខានេះតទៅ ហើយអាចបាត់បង់សុពលភាពជាស្វ័យប្រវត្ដិវិញមុនកាលបរិច្ឆេទ​ផុតកំណត់​ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុនThe Coca-Cola Company ដែលជាម្ចាស់ម៉ាក។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មបានបន្ថែមទៀតថា ចាប់ពីក្រោយរយៈពេល​៩០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្ដាច់មុខ អ្នកទទួលសិទ្ធិ​ស្របច្បាប់ មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញ​ដែលនាំ​ចូល​ស្របគ្នា។

ក្រសួងពាណិជ្ជកម្មក៏បានណែនាំដល់នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែក ចាយផ្ដាច់មុខ ត្រូវបោះពុម្ពផ្សាយលិខិតកត់ត្រានេះ ក្នុងទំព័រសារព័ត៌មាន និងត្រូវអនុវត្ដន៍ ឱ្យបានត្រឹមត្រូវនូវលិខិតបទដ្ឋានជាធរមាន៕

ដោយ អ៊ុន រិទ្ធី