រាជរដ្ឋាភិបាលជំរុញការកសាងរោងចក្រវារីអគ្គិសនីស្ទឹងពោធិសាត់ឲ្យបាននៅក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រាជរដ្ឋាភិបាលជំរុញការកសាងរោងចក្រវារីអគ្គិសនីថ្មីមួយបន្ថែមទៀតនៅខេត្តពោធិសាត់ឲ្យបាននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្មនិងសិប្បកម្ម។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

   អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិសាត់ ខេត្តពោធិសាត់ មានអនុភាព៨០មេហ្គាវ៉ាត់ គឺបានសិក្សារួចរាល់ហើយគ្រប់ភាគីពាក់ព័ន្ធដោយមានផលប្រយោជន៍និងសក្តានុពលបំរើដល់វិស័យសេដ្ឋកិច្ច។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា រាជរដ្ឋាភិបាលកំពុងចរចាតម្លៃថ្លៃលក់អគ្គិសនីត្រឡប់មកវិញជាមួយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន និងកូរ៉េ ក្នុងតម្លៃចន្លោះពី៧សេន ទៅ៨សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើភាគីទំាង២ចចារត្រូវរូវគ្នាហើយនោះ អាចឈានទៅអភិវឌ្ឍន៍បង្កើតរោងចក្រវារីអគ្គិសនីនាពេល ឆាប់ៗនេះ ពោលគឺអាចនៅក្នុងឆ្នាំ២០១៩នេះ ហើយគ្រោងប្រើរយៈពេលសាងសង់ក្នុងចន្លោះ៣ ទៅ៤ឆ្នាំ។ ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍវារីអគ្គីសនីស្ទឹងពោធិ៍សាត់បន្ថែមនេះមានសារៈសំខាន់ខ្លំាងណាស់ដើម្បី ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋផង លើវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្ម ផ្សេងៗទៀត ហើយធានាដល់សន្តិសុខថាមពល ក្នុងស្រុកផង ដែលឈានទៅកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេសថែមទៀតផង។

ឯកឧត្តមបានអះអាងថា តាមការសិក្សាគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់នេះ អាចចំណាយថវិការហូតដល់ជាង១៦០លានដុល្លាអាមេរិក ដោយមានអនុភាពរហូតដល់៨០មេហ្គាវ៉ាត់ ហើយផ្នែកផលប៉ៈពាល់គឺតិចតួចបំផុត។ សម្លេង

ឯកឧត្តមស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលធ្លាប់បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ រាជ  រដ្ឋាភិបាលមានផែនការ បន្ថែមប្រភពថាមពលអគ្គិសនីគ្រប់ប្រភេទ អភិវឌ្ឍន៍ខ្សែបណ្តាញជាតិឲ្យបានគ្រប់ខេត្តនិងរាជធានី និងធ្វើខ្សែចែកចាយឲ្យបានគ្រប់ភូមិទៅដល់ផ្ទះប្រជាពលរដ្ឋនៅឆ្នាំ២០២០ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជាមានដូចជា វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាន្តនៃប្រទេសកម្ពុជា៕