មេដឹកនាំអាហ្វ្រិក៤០រូប និងប្រមុខស្ថាប័នអន្តរជាតិនឹងចូលរួមកិច្ចប្រជុំកំពូល AU

AKP ភ្នំពេញ ថ្ងៃទី០៨  ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងការបរទេសរបស់ប្រទេសអេត្យូពី បាននិយាយពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំអាហ្វ្រិក៤០រូប និងប្រមុខស្ថានប័នអន្តរជាតិ គេរំពឹងចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក ( AU ) ដែលនឹងធ្វើនៅទី ក្រុងអាឌីសអាបាបា ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានអេត្យពី ( ENA ) ជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Nebiat Getachew អ្នកនាំពាក្យក្រសួងកិច្ចការបរទេសអេត្យូពី  ( MoFA ) បាននិយាយថា ប្រធានាធិបតីប្រទេសហ្គីណេ លោក Alpha Conde និងអគ្គលេខាធិការ អ.ស.ប លោក អង់ តូនីញ៉ូ ហ្គូតេរ៉េស ( Antonio Guters ) គឺស្ថិតនៅក្នុងចំណោមឥស្សរជនសំខាន់ៗ ដែលគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលAu  នេះ ។

លោក Getachew  បាននិយាយថា សម័យប្រជុំនៃកិច្ចប្រជុំសាមញ្ញលើកទី៣២ នៃកិច្ចប្រជុំកំពូល AU នឹងធ្វើការពិភាក្សានូវដំណើរការធ្វើកំណែទម្រង់ ដែលកំពុងប្រព្រឹត្តទៅនៃក្រុមទ្វីបនេះ ហើយនឹងគូសបញ្ជាក់នូវក្របខ័ណ្ឌអនុវត្តន៍មួយសម្រាប់ការផ្តួចផ្តើមគំនិតដឹកនាំដោយ AU នាពេកអនាគត ។

លោក Getachew  បាននិយាយថែមទៀតថា កិច្ចប្រជុំកំពូល AU នឹងធ្វើការពិភាក្សាគ្នានូវស្ថានភាពជនភៀសខ្លួនអាហ្វ្រិក, ពួកអ្នកវិលត្រឡប់ទៅវិញ និងមនុស្សផ្លាស់ប្តូរទីកន្លែងក្នុងស្រុក ( IDPs ) ព្រមទាំងដំណោះស្រាយ ដែលអាចមានចំពោះវិបត្តិមនុស្សធម៌ ក្នុងបណ្តាប្រទេសអាហ្វ្រិក ។

លោក Getachew បាននិយាយថា គេក៏រំពឹងផងដែរថា កិច្ចប្រជុំកំពូលនេះនឹងធ្វើការពិភាក្សាពីការជឿនលឿននៅក្នុងកិច្ចប្រជុំពីគោលដៅសេដ្ឋកិច្ចទ្វីប និងការធ្វើសមាហរណកម្មនយោបាយដូចដែលបានគូសបញ្ជាក់នៅក្នុងរបៀបវារៈ AU ២០៦៣ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )