ពិភពលោកត្រូវការឱ្យចិននិង ស.រ.អា ធ្វើការជាមួយគ្នា ច្រើនជាងដែលមិនធ្លាប់មានពីមុនមក

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ  ឆ្នាំ២០១៩ — ឯកអគ្គរដ្ឋទូតចិននៅ អ.ស.ប លោក គ្វី ទៀនកៃ ( Cui Tiankai ) បាននិយាយពីថ្ងៃពុធថា ពិភពលោកត្រូវការឱ្យចិន និង ស.រ.អា ធ្វើការជាមួយគ្នាច្រើនជាងដែលមិនធ្លាប់មានពីមុនមក ។

ថ្លែងនៅឯពិធីបដិសណ្ឋារកិច្ចសម្រាប់ខួបទី៤០ នៃទំនាក់ទំនងការទូតចិន-អាម៉េរិក  ព្រមទាំងចូលឆ្នាំថ្មីចិននោះ លោក គ្វី បាននិយាយថា នៅពេលដែលពិភពលោកកំពុងដំណើរការធ្វើការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនោះវាចាំបាច់ ដែលចិននិង ស.រ.អា ត្រូវធ្វើការជាមួយគ្នា ។

លោក គ្វី បាននិយាយថា ទំនាក់ទំនងចិន-ស.រ.អា រយៈពេល៤០ឆ្នាំ បាននាំឱ្យប្រទេសទាំងពីកាន់តែជិតស្និទ្ធនឹងគ្នា ស្តីពីបញ្ហាថ្នាក់តំបន់ និងជាសកលមួយចំនួន តួយ៉ាងដូចជាការជម្នះបាននូវវិបត្តិហិរញ្ញវត្ថុជាសកល ព្រមទាំងការស្វែងរកនូវដំណោះស្រាយនយោបាយមួយ ចំពោះស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ជាដើម ។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោក វីលបួរ រ៉ូស ( Wilbur Ross )  និងនាយកជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់កិច្ចការអាស៊ី លោក ម៉ាត់ ផូតជីងហ្ស័រ ( Matt Pottinger ) សមាជិកសភាមួយចំនួន និងភ្ញៀវប្រហែល ៧៥០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

សាធារណរដ្ឋប្រជាមានិតចិន និង ស.រ.អា បានបង្កើតចំណងទាក់ទងជាផ្លូវការ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ១៩៧៩ ។ ក្នុងពេលជាង៤ទសវត្ស កន្លងទៅនេះ ការរីកចម្រើននៃចំណងទាក់ទងចិន ស.រ.អា មានហួសពីការរំពឹងទុករបស់មនុស្សភាគច្រើន ។

ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងពី២,៥ ពាន់លានដុល្លារក្នុងចុងទសវត្ស ឆ្នាំ ១៩៧០ ទៅដល់ជាង ៥៨០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ដោយឡែកស្តុកវិនិយោគទៅវិញទៅមក បានកើនឡើងពីជិតសូន្យទៅដល់ជាង២៣០ពាន់លានដុល្លារ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )