ប្រជាពលរដ្ឋរស់នៅភូមិបង្កោង ខេត្តសៀមរាប រៀបចំពិធីរកត្រីរួមក្នុងបឹងអភិរក្ស ដើម្បីត្រៀមឡើងមាឃ

AKP ខេត្តសៀមរាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩–

ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅពីថ្ងៃ១កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៥ ខែកុម្ភះឆ្នាំ២០១៩បានរៀបចំពិធីរកត្រីរួមក្នុងបឹងអភិរក្សមួយ ដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមទំលាប់ធ្វើជារៀងរាល់ឆ្នាំមិនដែលខាន។ ពិធីនេះធ្វើឡើងនៅក្នុងបឹងអភិរក្ស ដែលអ្នកភូមិតែងតែអភិរក្សទុក ហើយមិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសចាប់ពីខែមិថុនា ដើម្បីរក្សាត្រីទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតានេះ។លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា ពិធីរកត្រីនេះធ្វើឡើងមួយឆ្នាំម្តងជារៀងរាល់ខែមាឃ បន្ទាប់ពីមានការឯកភាពពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ និងបានប្រកាសកំណត់ថ្ងៃរកត្រីដើម្បីយកត្រីទៅធ្វើទឹកនំបញ្ចុក និងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតាតាមទំនៀមទំលាប់។

លោកបន្តថា នៅក្នុងផ្ទៃបឹងទាំងមូលបានដាក់សម្រាស់ ២កន្លែង ត្រីដែលចាប់បាននៅបរិវេណខាងក្រៅប្រជាជនអាចយកទៅធ្វើម្ហូបហូបជាលក្ខណៈគ្រួសារ រីឯត្រីចាប់ក្នុងសម្រាស់ត្រូវទុករួមសម្រាប់ធ្វើទឹកនំបញ្ចុក។ ចំណែក ពេលវេលាមិនអាចកំណត់យកថ្ងៃណាមួយជាក់លាស់បានទេដោយអាស្រ័យលើទឹកបឹង បើសិនទឹកបឹងនៅច្រើនក៏ពន្យាពេល រង់ចាំទឹកបឹងរីងដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មមអាចឱ្យប្រជាជននេសាទត្រីបាន និងចំពេលវេលាល្មម។

លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកួកប្រកាសឱ្យនេសាទ អ្នកភូមិបានត្រៀមនូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត មកចាំកុះករនៅមាត់បឹង ហើយប្រជាជនមួយចំនួនមកតាំងពីម៉ោង១២យប់ អ្នកខ្លះក្រោកមកតាំងពីម៉ោង៣ ម៉ោង៤មកម្ល៉េះ។ នៅឆ្នាំនេះកម្មវិធីនេសាទត្រីចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹកដោយមានគណៈកម្មការចាំប្រកាសមេក្រូ និងបាញ់កាំជ្រួចជាសញ្ញា។ លោកបន្ថែមថា អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំ សប្បាយរីករាយ និងមានសាមគ្គីភាពកាន់តែស្និទ្ធិស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង។

អ្នកស្រី ហេន ទេត អ្នកភូមិបង្កោង បានឱ្យដឹងថា គ្រួសារអ្នកស្រីក៏ដូចប្រជាជនផ្សេងទៀតមកនេសាទត្រី ហើយយកត្រីដែលរកបានមួយចំនួនយកទៅធ្វើទឹកនំបញ្ចុកដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា និងមួយចំនួនទៀតសម្រាប់ធ្វើម្ហូប។ អ្នកស្រីបញ្ជាក់ថា ការរកត្រីឡើងមាឃនេះមានជាយូរមកហើយ ចាស់ៗក្នុងភូមិបានធ្វើ តៗគ្នាពីជំនាន់មួយទៅជំនាន់មួយហើយពិធីនេះនៅគង់វង្សដោយសារតែអ្នកភូមិបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃ នឹងបន្តទៅជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ៕

ដោយ ឃុត សៅ