សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គ បណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៩ កាលពីថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង ការពារជាតិ សេនានុព័ន្ធយោធានៃបណ្តាប្រទេសជាមិត្ត ព្រមទាំងសិក្ខាកាមដែលជានាយ ទាហានជំនាន់ក្រោយយ៉ាងច្រើនកុះករ។ ប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាលកវិទ្យាល័យការពារជាតិបានលើកឡើងថា នៅក្នុង ឆ្នាំ២០១៨កន្លងមកនេះ សាកលវិទ្យាល័យការពារជាតិបានដំណើរការបណ្តុះបណ្តាល និងហ្វឹកហ្វឺនបានចំនួន១៦វគ្គ ដែលមាននិស្សិត និងសិក្ខាកាមសរុបចំនួន៩៥០នាក់ ក្នុងនោះ និស្សិតសិក្ខាកាមជាតិចំនួន៨៧៤នាក់ និស្សិតបរទេសចំនួន៧៦នាក់។

ឯកឧត្តមបន្តថា ចំពោះវគ្គដែលបានបញ្ចប់ការសិក្សាឆ្នាំក្នុងឆ្នាំ២០១៨ នេះគឺមាន ចំនួន១១វគ្គ ដែលមានសិក្ខាកាមសរុប៧១៣នាក់ ហើយនៅសល់ ៥វគ្គទៀតត្រូវធ្វើការ បន្តការសិក្សាក្នុងឆ្នាំ២០១៩បន្តទៀត។ ក្នុងនោះមានចំនួននិស្សិត១០៣នាក់ និស្សិតជាតិចំនួន២៧នាក់ និងនិស្សិតបរទេសចំនួន៧៦នាក់។ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានឱ្យដឹងទៀតថា ក្នុងឆ្នាំសិក្សា២០១៩នេះ សាកលវិទ្យាល័យការពារជាតិ នឹងបន្តបើកវគ្គសិក្សាថ្មីចំនួន១២វគ្គ ក្នុងនោះមាន និស្សិតជាសិក្ខាកាមសរុបចំនួន៦៩១នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  បាន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គ្រូយោធាចារ្យ សិក្ខាកាម ដែលជានិស្សិតបានខិតខំយកអស់កម្លាំងកាយចិត្តបញ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចនិងរបស់ខ្លួនក្នុងការបង្រៀន និងរៀនសំដៅលើកកម្ពស់សមត្ថភាពជំនាញជាកងយោធពល ខេមរភូមិន្ទឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីពង្រឹងកិច្ចការការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាលការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍ ហើយបានចាត់ទុក ការសិក្សាយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់កងទ័ពគឺជាភារកិច្ច មួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកការធ្វើកំណែ ទម្រង់របស់កងយោធពលខេមរភូមិន្ទ។

សម្តេចពិជ័យសេនា បានបន្តទៀតថា តួនាទីរបស់កងយោធពលខេមរភូមិន្ទ នៅតែជាកម្លាំងស្នូលក្នុងកិច្ចការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ចូលរួមក្នុងកិច្ចការសង្គមរក្សាសន្តិសុខ និងសុវត្ថិភាព ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយ នានាជាដើម។ ទាំងនេះគឺទាមទារឱ្យកងទ័ពយើងត្រូវមានឧត្តមគតិចាំបាច់មួយ គឺភាពស្មោះ ត្រង់ចំពោះជាតិមាតុភូមិ គោរពស្រឡាញ់ប្រជាពលរដ្ឋ មានឆន្ទៈប្រយុទ្ធប្តូរផ្តាច់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងកិច្ចការពារជាតិ មាតុភូមិ ទោះបីប្រទេសយើងមានសន្តិភាព ពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។

សម្តេចពិជ័យសេនា ទៀ បាញ់ សង្ឃឹមថា តាមរយៈបទពិសោធន៍ក្នុងឆ្នាំ កន្លងមក សាលកវិទ្យាល័យការពារជាតិ នឹងក្លាយទៅជាថ្នាលមួយសម្រាប់បណ្តុះបណ្តាលធនធាន មនុស្សលើវិស័យការពារជាតិទទួលបានគុណភាព, សមត្ថភាពនូវចំណេះដឹងវិទ្យាសាស្ត្រ ក្នុងសម័យបច្ចេកវិទ្យាទំនើបៗ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ៕

ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)