ឯកឧត្តម ថោង ខុន ប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន៣គ្រឿង ដល់ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២  ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាខេត្តព្រះសីហនុ មានរៀបចំពិធីប្រគល់ និងទទួលគ្រឿងចក្រសម្អាតឆ្នេរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ  ព្រមទាំងមន្ទីរជំនាញជុំវិញខេត្តជាច្រើនរូបទៀត។

លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្នខេត្តព្រះសីហនុមានឆ្នេរសមុទ្រចំនួន៧ ឆ្នេរសមុទ្រ៤ កំពុងបើកបម្រើសេវាកម្មជូនប្រជាពលរដ្ឋ  ដែលឆ្នេររបស់យើងរង ផលប៉ះពាល់បរិស្ថាន អនាម័យ។ គណៈកម្មាធិការអភិវឌ្ឍន៍គ្រប់គ្រងតំបន់ឆ្នេរ បានអំពាវ នាវដល់សប្បុរសជន និងវិស័យឯកជនចូលរួមសហការទិញគ្រឿងចក្រសម្អាតឆ្នេរបាន ៣គ្រឿង ហើយថ្ងៃនេះយើងបានប្រគល់ជូន រដ្ឋបាលខេត្តព្រះសីហនុចំនួន២គ្រឿង ខេត្តកែប និងខេត្តកំពត១គ្រឿង ហើយមន្ទីរទេសចរណ៍ជាសេនាធិការក្នុងការគ្រប់គ្រងថែរក្សាការពារ ក្នុងការសម្អាតឆ្នេរសមុទ្រក្នុងខេត្តទាំង៣នេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់សមុទ្រកម្ពុជា បានប្រគល់គ្រឿងចក្រសម្អាតឆ្នេរ ៣គ្រឿង ជូនដល់ខេត្តព្រះសីហនុ២គ្រឿង និងមួយគ្រឿងទៀតប្រគល់ជូនទៅខេត្តកំពត ខេត្តកែប ដើម្បីកែសម្រួលអនាម័យ បរិស្ថាន នៅតាមតំបន់ឆ្នេរកាន់តែល្អប្រសើរនៅពេលខាងមុខ។

ឯកឧត្តមបណ្ឌិតសង្ឃឹមថា គ្រឿងចក្រសម្អាតឆ្នេរទាំង ៣គ្រឿង ត្រូវដាក់ឱ្យដំណើរ ការក្នុងការថែរក្សាសម្អាតបរិស្ថាននៅតាមតំបន់ឆ្នេរ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯងជន ពិសេសអាជីវករតាមតំបន់ឆ្នេរ ដោយចលនាប្រជាពលរដ្ឋនៅតាម សហគមន៍ចូលរួសម្អាតបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ខេត្តព្រះសីហនុជាគោលដៅទេស ចរណ៍ សេដ្ឋកិច្ច ទទួលភ្ញៀវក្នុងស្រុកជាង ៧០ម៉ឺននាក់ ក្នុងឆ្នាំ២០១៨ សរុបមានភ្ញៀវទេសចរជាង២លាននាក់ ក្នុងឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរចិន ជាង២០ម៉ឺននាក់។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ មានជើងហោះហើរកើនឡើង ហើយច្រកកំពង់ផែសមុទ្រក៏នាំមកនូវភ្ញៀវទេសចរផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុនាពេលខាងមុខ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតបន្តថា ខេត្តព្រះ សីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងផ្លូវគោក ដោយ សារខេត្តព្រះសីហនុ និងមានការអភិវឌ្ឍរីកចម្រើនៅថ្ងៃខាងមុខ ដោយសារបច្ចុប្បន្ន ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក ចាំបាច់យើងត្រូវការ ពារតំបន់ឆ្នេរសមុទ្ររបស់យើង ការពារទឹកកខ្វក់កំឱ្យហូរចូលសមុទ្រ ការគ្រប់គ្រងតំបន់ ឆ្នេរសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា យើងត្រូវបើកវគ្គបណ្តុះ បណ្តាលបដិសណ្ឋារកិច្ច ដើម្បីបម្រើសេវាកម្មទេសចរណ៍ ជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ថ្វីត្បិតតែខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក វាមានផលប៉ះពាល់ដល់បរិស្ថាន និងសន្តិសុខ ក៏ប៉ុន្តែយើងត្រូវធ្វើយ៉ាងណា ឱ្យផលប៉ះពាល់នោះមានតិចតួច៕

ដោយ ងូ សុមុនី