ពលរដ្ឋ​ក្នុងក្រុងកំពត ទទួលបាន​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្រោយ​ជួប​ការលំបាក​ជាង​៤០​ឆ្នាំ​មក

AKP កំពត ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ក្តី​អស់សង្ឃឹម និង​ភាព​បាត់​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត កំពត ​ ​ត្រូវបាន​លុបបំបាត់​ត្រឹម​ដើមឆ្នាំ​២០១៩នេះ ​តាមរយៈ​ផ្លូវ​បេតុង​ល្អ​ស្អាត​មួយ​ខ្សែលើ​គន្លង​ផ្លូវ​ចាស់​ត​ភ្ជាប់​រវាង​ស្ថានីយ​រថភ្លើង​ និង​ផ្លូវជាតិ​លេខ​៣​ ដែលទទួល​រង​ការខូចខាត​តាំងពី​សម័យ​ខ្មែរក្រហម​មកនោះ។​

លោកស្រី ​វ៉ាន់ ​នី​ ជាប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្វាយ​ធំ ​សង្កាត់​ក្រាំង​អំពិល ​ក្រុង​កំពត​ ខេត្តកំពត​បាននិយាយថា​ ផ្លូវ​កៅស៊ូ​ត​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ​៣​ឆ្ពោះទៅកាន់​ស្ថានីយ​រថភ្លើងខេត្តកំពត​បាន​ស្ថាបនា​ឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ ប៉ុន្ដែក្នុង​របប​ប៉ុល ពត ផ្លូវ​នេះ​បាន​ខូច ខាត ​ដោយ​ពុំមាន​ការជួសជុល​ឡើយ​។ លោកស្រី​បាន​បន្តថា ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ក៏​មិនមាន​ការជួសជុល​ឱ្យបានល្អនោះទេ ​ដែលពន្យា​រពេល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បាន​បង្កក្តី​លំបាក​ដល់​អ្នកដំណើរ ​ពិសេស​នៅ​រដូវវស្សា​ពោរពេញ​ដោយ​ជង្ហុក ​ក្លិនស្អុយ។

​លោកស្រីបានលើកឡើងថា ប៉ុន្ដែ​ថ្ងៃនេះ​សុបិន​ក្លាយជា​ការពិត ​និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តមអភិបាលខេត្តកំពត​ ដែលគាត់មកមិនទាន់បាន​ប៉ុន្មាន​ឆ្នាំ​ផង​ធ្វើឱ្យ​អ្នកភូមិ​ស្វាយ​ធំ​មាន​ផ្លូវ​ល្អ​ប្រើប្រាស់​ដូច​គេ​។

​ លោក​ ចែម ​ផា ​អភិបាលរងក្រុង​កំពត​បាន​បញ្ជាក់ថា មក​ដល់ពេលនេះ​រដ្ឋបាល ខេត្ត​បាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ក្រុង​រួចរាល់​ចំនួន​២៩​ខ្សែ​។ លោកបានបន្ដថា ​ចំពោះ​ផ្លូវ​ឆ្ពោះទៅ​ស្ថានីយ​រថភ្លើង​លោក​មិនទាន់​ដឹង​ច្បាស់​ថា​រដ្ឋបាលខេត្ត​នឹង​ដាក់ជូន​បន្ថែម​នៅពេលណា​ទេ​។​សម្រាប់​ផ្លូវ​បេតុង​វិញ​ក្នុង​ក្រុង​កំពត​បាននិងកំពុង​ស្ថាបនា​ចំនួន​ប្រាំពីរ​ខ្សែ​ដោយ​ផ្លូវ​ទាំងនោះ​មួយចំនួន​មិនទាន់​រួចរាល់​មួយរយ​ភាគរយ​នៅឡើយ​ទេ​៕

ដោយ ប្រាក់ លាង