ធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅ​កម្ពុជា ឱ្យស្របតាមការរីកចម្រើនរបស់ពិភពលោក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសថា នឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលបច្ចេក​ទេស វិជ្ជាជីវៈនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាតំបន់ និងពិភពលោក។ថ្លែងក្រោយជំនួបសម្តែងការគួរសមជាមួយលោកស្រី Suniya Durrani Jamal នាយក​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តី​ការក្រសួងការងារ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩នេះទៅ ADBនឹងជួយរៀបចំ​កម្មវិធី សិក្សា សង់អគារសិក្សាបន្ថែម បំពាក់សម្ភាររោងជាងទំនើប បណ្តុះបណ្តាលបន្ថែមដល់គ្រូ និងអ្នកដឹកនាំឱ្យមានសមត្ថភាពខ្ពស់ ដើម្បីឱ្យស្របទៅតាមបច្ចេកវិទ្យាឌីជីថល និងបដិវត្តន៍ ឧស្សាហកម្មបួនចុចសូន្យ។ ឯកឧត្តមបន្តថា ការជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលរបស់ ADB នេះ គឺធ្វើឡើងតាមរយៈគម្រោងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តន៍ នៅឆ្នាំ ២០១៩-២០២៣ ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តមបានលើកឡើងថា គម្រោងថ្មីនេះ នឹងជួយដល់វិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ ចំនួន៥ដែលមាននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីឱ្យ​វិទ្យាស្ថានទាំងនោះបណ្តុះបណ្តាលជំនាញផ្សេងៗដល់សិស្ស-និស្សិតឱ្យ​កាន់តែមានសមត្ថ​ភាព​ខ្ពស់ថែមទៀតក្នុងការចូលរួមប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា នៅឆ្នាំ២០១៩នេះ ក្រសួងការងារ នឹងធ្វើកំណែ​ទម្រង់​វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈដោយផ្តោតសំខាន់ទៅ​លើកកត្ដាហេដ្ឋា​រចនា​សម្ព័ន្ធ យន្តការ និងបុគ្គលនៃអង្គភាពបណ្តុះបណ្តាលនីមួយៗដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពការងារនៅក្នុងវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត។  ជាមួយគ្នានេះ ក្រសួង​ក៏នឹងធ្វើទំនើបកម្មផងដែរ ទៅលើកម្មវិធីសិក្សា ការពង្រឹងគុណភាពគ្រូ និងថ្នាក់ដឹកនាំនៅតាម អង្គភាពបណ្តុះបណ្តាលនានា ដើម្បីស្របទៅតាមការវិវត្តន៍នៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ដែលផ្តោតសំខាន់ទៅលើការប្រើបច្ចេកវិទ្យាឌីជីថល៕

ដោយ អ៊ុន រិទ្ធី