រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចូលរួមដុតកម្ទេចទំនិញខូចគុណភាព ទម្ងន់២៥តោន នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ទំនិញខូចគុណភាពមានដូចជា គ្រឿងទេស ភេសជ្ជៈ បន្លែ និងខ្ទឹមស ទម្ងន់២៥តោន ដែលដឹកតាមកុងតឺន័រ ចូលតាមច្រកកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ត្រូវបាន សមត្ថកិច្ចមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុរកឃើញថាមានសារធាតុថ្នាំគីមីកសិកម្ម លើសកម្រិត មិនអនុញ្ញាតឱ្យយកទៅធ្វើចរាចរណ៍នៅលើទីផ្សារក្នុងខេត្តព្រះសីហនុ ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ការដុតកម្ទេចទំនិញទាំងនេះគឺបានធ្វើឡើង នៅទីលានចាក់សំរាម នៅភូមិអូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ទំនិញដែល ដឹកតាមកុងតឺន័រមានទម្ងន់២៥តោននេះ គឺជាទំនិញមានប្រភពនាំមកពីប្រទេសចិន ដឹកចូល តាមច្រកកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ដែលមន្ត្រីសាខាកាំកុងត្រូលប្រចាំ ខេត្តព្រះសីហនុរកឃើញថា នសារធាតុថ្នាំពុលកសិកម្ម ដែលជាថ្នាំគីមីបាញ់សម្លាប់សត្វល្អិត កុំឱ្យបំផ្លាញដំណាំ ដោយសារថ្នាំនេះវាលើសកម្រិតកំណត់ ដែលធ្វើឱ្យប៉ះពាល់ ដល់អ្នកបរិភោគ ដូចជាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងកើតជំងឺមួយចំនួនដូចជា ក្អួត រាក ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច ពិបាកដកដង្ហើម ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាល ដល់ស្លាប់ថែមទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករ មុននឹងទិញ ឬលក់ ត្រូវពិនិត្យអំពីគុណភាព សុវត្ថិភាពចំណី អាហារ និងផលប៉ះពាល់ ដល់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

ដោយ ងូ សុមុនី