​ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិនៅក្រុងប៉ោយប៉ែតជាង៤០០គ្រួសារ​ទទួលបានអំណោយសង្គមកិច្ច

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិជាង៤០០គ្រួសារ នៅក្រុងប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលអំណោយសង្គមកិច្ច មានគ្រឿងឧបភោគបរិភោគដើម្បី​ជួយ​ទ្រទ្រង់ដល់ភាពខ្វះខាតក្នុងជីវភាពគ្រួសារ។ ពិធីចែកអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ​រងគ្រោះដោយគ្រោះធម្មជាតិ ដែល ជួបការខ្វះខាតជាង៤០០គ្រួសាររួមមាន៖ អង្ករ មី កន្ទេល មុង ភួយ រួមនឹងថវិកាមួយចំនួន​ទៀតនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅមណ្ឌលសំចត ឋិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមវត្តមាន​ ​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម វង សូត បានលើកឡើងថា ទោះបីអំណោយដែលបានចែកជូនដល់បងប្អូន​​តិចតួចតែនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែ​គិតគូរក្នុងការដោះស្រាយរាល់ការលំបាកជូនដល់ប្រជាពលរដ្ឋយើង ដែលជួបការលំបាកនៅគ្រប់ទីកន្លែងទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានគូសបញ្ជាក់ថាដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ ដោយមានថ្នាក់ដឹកនាំល្អ បានធ្វើឱ្យប្រទេសជាតិយើងបានបញ្ចប់សង្រ្គាមក្រោមគោល នយោបាយឈ្នះឈ្នះ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សានូវសម្បត្តិ ដ៏មានតម្លៃ របស់យើង​នោះគឺសន្តិភាព ព្រោះថាមានសន្តិភាពទើបមានការអភិវឌ្ឍ  មានការអភិវឌ្ឍទើបមាន ប្រជាធិបតេយ្យ។

ឯកឧត្តមបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាពនេះហើយដែលរហូត ដល់បច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្តសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់​វិស័យ។ សមិទ្ធផលជាច្រើនបាន និងកំពុងផុស ត្រដែតឡើងជាបន្តបន្ទាប់ នោះវាមិនមែនកើតឡើងដោយឯងៗនោះទេ ពិតណាស់វាជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមកសាង និងបង្កើតវាឡើង ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព​នេះ៕

ដោយឈុនសារ៉ាត