នាយករដ្ឋមន្ត្រីអ៊ីស្រាអែលឱ្យអ៊ីរ៉ង់ចេញពីស៊ីរីឱ្យរហ័ស

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Netanyahu ) កាលពីថ្ងៃអង្គារនេះ បានទទូចដល់ប្រទេសអ៊ីរ៉ង់ឱ្យចេញពីប្រទេសស៊ីរីឱ្យរហ័ស ។

លោក នេតាន់យ៉ាហ៊ូ បាននិយាយក្នុងអំឡុងពិធីមួយដែលក្នុងនោះលោកបានតែងតាំងលោក Aviv Kochavi  ធ្វើជានាយកសេនាធិការយោធាថ្មីថា ខ្ញុំកំពុងប្រាប់លោកឱ្យចេញពីទីនោះឱ្យរហ័ស ។ យើងនឹងមិនបញ្ឈប់ការវាយប្រហារទេ ។

លោក នេតាន់យ៉ាហ៊ូ បានបដិសេធថា ជាការភូតកុហក់ការកត់សម្គាល់កាលពីពេលថ្មីៗនេះ របស់លោក Hassan Firouzabadi  ទីប្រឹក្សាយោធាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ដែលនិយាយថា ពួកទីប្រឹក្សាយោធាអ៊ីរ៉ង់ នឹងស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីធ្វើឱ្យពួកភេរវជនបរាជ័យ ។

លោកក៏បានបដិសេធផងដែរការ ធ្វើអត្ថាធិប្បាយមួយដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃនេះ ដោយរដ្ឋមន្ត្រីគមនាគមន៍អ៊ីរ៉ង់លោក Mohammad Javad Azari Jahromi  ស្តីពីការប៉ុនប៉ង់ដែលមិនបានសម្រេចរបស់ក្រុងតេហេរ៉ង់ ដើម្បីដាក់ផ្កាយរណបមួយចូលទៅក្នុងគន្លងគោចរនោះ ។

លោក នេតាន់យ៉ាហ៊ូ បានបដិសេធថា ឥឡូវនេះពួកគេកំពុងភូតកុហក់ដែលថា ​ពួកគេបានបញ្ជូនផ្កាយរណបដែលមិនដូចពាក្យថា មួយចូលទៅក្នុងអវកាសនោះ ប៉ុន្តែតាមពិតពួកគេចង់ធ្វើឱ្យសម្រេចបាននូវដំណាក់កាលដំបូងនៃមីស៊ីលអន្តរទ្វីបមួយ ដែលផ្ទុកនឹងកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានកត់សម្គាល់ថា អ៊ីរ៉ង់ និងអ្នកតំណាងរបស់ខ្លួនគឺ យោធាស៊ីអ៊ីត ហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់​ គឺជាសត្រូវយ៉ាងសំខាន់របស់អ៊ីស្រាអែល ។

កាលពីថ្ងៃអាទិត្យ លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់អះអាងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារទីតាំងអ៊ីរ៉ង់ជាច្រើនក្នុងប្រទេសស៊ីរី កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងការទទួលស្គាល់ជាសាធារណៈដែលកម្រមាននៃការវាយប្រហារតាមអាកាសបែបនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )