ក្រុងសេអ៊ូលនឹងធ្វើម្ចាស់ផ្ទះមជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិក WHO សម្រាប់បរិស្ថាននិងសុខភាព

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា  ឆ្នាំ២០១៩ — WHO ប្រកាសពីថ្ងៃអង្គារថា មជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិកអង្គការសុខភាពពិភពលោក (WHO ) ថ្មីមួយសម្រាប់បរិស្ថាន និងសុខភាពក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនឹងបើកនៅឆ្នាំនេះ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

លោក ស៊ីន យុង-ស៊ូ ( Shin young-soo ) នាយកតំបន់ WHO សម្រាប់ប៉ាស៊ីហ្វិកខាងលិច និងរដ្ឋមន្ត្រី     បរិស្ថានកូរ៉េខាងត្បូង លោក ចូ ម្យុង-រ៉ាអេ ( Chomymg rae ) ព្រមទាំងចៅហ្វាយក្រុងសេអ៊ូល លោក ប៉ាក់វ៉ុន-ស៊ូន (  Park won soon ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកមជ្ឈមណ្ឌលនេះ កាលពីថ្ងៃអង្គារក្នុងក្រុងសេអ៊ូល ។

WHO  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលនេះនឹងជំរុញបរិស្ថានឱ្យបាន កាន់តែមានសុខភាពនិងកាន់តែមានសុវត្ថិភាព ព្រមទាំងពង្រឹងសហគមន៍ឱ្យខ្លាំង ដើម្បីទប់ទល់នឹងការ ផ្លាស់ប្តូរធាតុអាកាស និងបរិស្ថាននៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិចរបស់ WHO  ។

លោក ស៊ីន យុង-ស៊ូ បាននិយាយថា ការបំពុលបរិស្ថាន និងការផ្លាស់ប្តូរធាតុអាកាស គឺស្ថិតនៅក្នុង ចំណោមការគំរាមកំហែងដ៏ធំបំផុតដល់សុខភាពនៅក្នុងតំបន់របស់យើង ។ ជាមួយនឹងការបង្កើត  មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិករបស់ WHO សម្រាប់បរិស្ថាន និងសុខភាពក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនេះ យើងនឹងអាចបង្កើនការគាំទ្ររបស់យើងដល់បណ្តាប្រទេសនានា ដើម្បីឱ្យពួកគេអាចការពារសុខភាព ប្រជាជនបានកាន់តែប្រសើរឡើង ។ ការមានមជ្ឈមណ្ឌលនេះក្នុងក្រុងសេអ៊ូល នឹងផ្តល់ឱ្យនូវផលប្រយោជន៍ទៅវិញទៅមកដល់ WHO  និងរដ្ឋាភិបាលកូរ៉េ ព្រមទាំងទីក្រុងសេអ៊ូល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )