កូរ៉េខាងត្បូងលុបចោលការនិយាយយោងទៅរកកូរ៉េខាងជើងថា ជាសត្រូវនៅក្នុងឯកសារសការពារ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — យោធាកូរ៉េខាងត្បូងបានលុបចោលការនិយាយយោងរបស់ខ្លួនរកកូរ៉េខាងជើងថា ជាសត្រូវមួយនៅក្នុងឯកសារសការពារថ្មីបំផុត នៅពេលមានការកើនឡើងនូវបរិយាកាសសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េ ។

ការនិយាយយោងទៅរករដ្ឋាភិបាលនិងយោធាកូរ៉េខាងជើងថា ជាសត្រូវមួយរបស់កូរ៉េខាងត្បូង ត្រូវបានគេលុបចេញពីឯកសារសការពារឆ្នាំ២០១៨ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ដោយក្រសួង ការពារប្រទេសរបស់កូរ៉េខាងត្បូង ។

ជាជំនួសការលុបចោលនេះឯកសារនេះដែលត្រូវបានគេផ្សព្វផ្សាយរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ១៩៦៧មកនោះបាននិយាយថា យោធាកូរ៉េខាងត្បូងចាត់ទុកកម្លាំងដែលគំរាមកំហែង និង រំលោភបំពានលើអធិបតេយ្យភាព, ទឹកដី,ប្រជាជន និងទ្រព្យសម្បតិ្តរបស់ប្រទេសនេះថា ជាសត្រូវមួយ ។

ឯកសារនោះបានកត់សម្គាល់ថា ថ្វីបើកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានប្រឈមមុខដាក់គ្នា និងការផ្សះផ្សាគ្នាផ្ទួនៗកាលពីអតីតកាលក៏ដោយ ក៏កូរ៉េទាំងពីរបានធ្វើកិច្ចប្រជុំកំពូលបីលើកក្នុងឆ្នាំ២០១៨ ​ដោយឡែកកិច្ចប្រជុំកំពូលកូរ៉េខាងជើង -អាម៉េរិក ដែលមិនធ្លាប់មានជាលើកដំបូងក៏ត្រូវបានគេធ្វើឡើងផងដែរ កាលពីឆ្នាំកន្លងទៅ ។

ឯកសារនោះបាននិយាយថា កិច្ចប្រជុំកំពូលទាំងនោះបានបង្កើតនូវបរិយាកាសសន្តិសុខថ្មីមួយ ដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ព្រមទាំងកសាងសន្តិភាព ។ ពួកអាជ្ញាធរយោធារបស់ភាគីទាំងពីរបានបង្កើតនូវតំបន់ទ្រនាប់នៅលើអាកាស, ទឹកនិងដីក្បែរ ព្រំដែនអន្តរកូរ៉េ ដោយឡែកធ្វើការដកហូតគ្រឿងសព្វាវុធតំបន់សន្តិសុខរួម ( JSA ) ដែលនៅទីនោះ  ទាហានប្រដាប់អាវុធរបស់កូរ៉េទាំងពីរបានប្រឈមមុខដាក់គ្នានៅក្នុងអតីតកាល ហើយនឹងការបំផ្លាញចោល ប៉ុស្តិ៍ឆ្មាំការពារខ្លះនៅខាងក្នុងតំបន់គ្មានយោធា ( DMZ ) លើមូលដ្ឋានសាកល្បងមើលមួយ ។

ដោយបន្ថែមទៅនឹងបរិយាកាសសន្តិភាពអន្តរកូរ៉េនោះមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតី អាម៉េរិកលោក ដូណាល់ ត្រាំ  បានធ្វើកិច្ចប្រជុំកំពូលកូរ៉េខាងជើង- អាម៉េរិក ដែលមិនធ្លាប់មានជាលើកដំបូងនៅសិង្ហបុរី កាលពីក្នុងខែមិថុនា ឆ្នាំកន្លងទៅ ដោយព្រមព្រៀងគ្នាធ្វើឱ្យឧបទ្វីបនេះ គ្មាននុយក្លេអ៊ែរទាំងស្រុង ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោនមានប្រក្រតីភាព ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )