រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជុំរុញដល់ប្រព័ន្ធផ្សព្វផ្សាយប្រយុទ្ធប្រឆំាងព័ត៌មានមិនពិតនៅក្នុងសង្គម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖


រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជុំរុញដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យជួយប្រយុទ្ធប្រឆំាងព័ត៌មានមិនពិតនៅក្នុងសង្គម ដើម្បីទប់ស្កាត់កុំអោយព័ត៌មានមិនពិតនេះបង្កចលនានិងបង្កអសន្តិសុខក្នុងសង្គម។
ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ ពិសេស តាមបណ្តាញទំនាក់ទំនងសង្គម ត្រូវធ្វើការឆ្លើយតប ទៅនឹងព័ត៌មាន មិនពិតឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យសាធារណៈជនមួយចំនួន មានការភាន់ច្រឡំ។


នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងទៅនេះ ព័ត៌មានមិនពិតកាន់តែមានច្រើន ពិសេសបាន ផ្សព្វផ្សាយក្នុងបណ្តាញប្រព័ន្ធសង្គម នាំឲ្យសាធារណៈជនមួយចំនួន ដែលមិនបានធ្វើការតាមដាន និងពិនិត្យព័ត៌មាន គ្រប់ជ្រុងជ្រោយ បានមានការភាន់ច្រឡំ ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។ ដូច្នេះ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វើការតាមដានក្រុម ដែលតែងតែបំផុសផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវធ្វើការបកស្រាយ ឬជូនដំណឹង ទៅមន្ត្រីជំនាញពាក់ព័ន្ធ ពីបញ្ហាអ្វីមួយ ដោយមានការឆ្លើយតបទៅវិញឲ្យបានឆាប់រហ័សនៅរឿងមិនពិត។


ការជំរុញឲ្យអ្នកសារព័ត៌មាននិងស្ថាប័បផ្សព្វផ្សាយជួយបង្សាបព័ត៌មានមិនពិតនេះ គឺអនុវត្ត ឲ្យស្របតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែល បានលើកឡើងកាលពីជំនួបជាមួយអ្នកសារព័ត៌មាន ដើម្បី ការឆ្លើយតបទៅនឹងព័ត៌មានមិនពិត គឺត្រូវបង្ហាញការពិតឲ្យដឹងវិញ ឲ្យបានលឿន និង ការពិតជាក់ស្ដែងកុំឱ្យមានការយល់ច្រឡំបន្តទៀត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្តដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យមានការតាមដានព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងការភាន់ច្រឡំ និងការចែករំលែកព័ត៌មានប្រកបដោយការពិចារណា ដើម្បីកុំអោយព័ត៌មានមិនពិតកាន់ផ្ទុះឡើងធំ នាំឲ្យប៉ះពាល់ដល់សង្គម៕