រដ្ឋសភាកម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

AKP សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋសភាសាធារណរដ្ឋប្រជាមានិតឡាវបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការចុះអនុស្សរណៈនេះធ្វើឡើងរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០១៩ នៅសណ្ឋាគារសុខា សៀមរាប ស្របពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ មកចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ នៅទឹកដីអង្គរ ព្រះរាជាណាចក្រកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក និងបានចុះអនុស្សរណៈយោគយល់គ្នាផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកស្រី ផានី យ៉ាថូទូ បានថ្លែងអំណរគុណនិងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំAPPF លើកទី២៧​ របស់សភាកម្ពុជាថា​ បានដំណើរល្អជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកស្រីបានសង្កេតឃើញថាប្រទេសកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតថ្មីៗទៀត កាលពីឆ្នាំ ២០១៨នេះ។ លោកស្រីប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូមសម្តេចប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ ក្នុងឱកាសនោះដែរលោកស្រី ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរដែលនៅមានកម្រិតឲ្យបានកើនឡើង។ រដ្ឋសភាប្រទេសឡាវបានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនីពីកម្ពុជា។ ចំណែក សម្តេចហេង សំរិន បានក៏កោតសរសើរចំពោះរដ្ឋសភាឡាវដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាសុីហ្វិក​ APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕

ដោយ ប៊ុន រិទ្ធ