ប្រធានកម្មវិធីស្បៀងអាហារពិភពលោក៖ ការផ្តល់អាហារ តាមសាលារៀនតំបន់ជនបទ​រួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស

AKP សៀមរាប ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ — ប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងថា ការផ្តល់អាហារ និងកង់ជាមធ្យោ​បាយ​សម្រាប់ធ្វើដំណើរដល់សិស្សនៅតាមសាលារៀនតំបន់ជនបទ គឺជាកត្តាមួយដ៏សំខាន់ ក្នុងចូលរួមចំណែកការតាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស មិនតែប៉ុណ្ណោះ​កម្មវិធី​នេះបានទាក់​ទាញ​កុមារឱ្យមកចូលរៀន​ច្រើន​ជាងមុនផងដែរ។ថ្លែង​នៅ​ក្នុង​ពិធីចែក​កង់​ចំនួន៨៨៨កង់ដល់សិក្សានុសិស្សដែលមាន​ជីវភាព​ខ្វះខាត និង​ចុង​ភៅ​ចម្អិនអាហារនៅតាមសាលារៀនតំបន់​ជនបទនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៩ លោកស្រី Emma Conlan ប្រធានកម្មវិធីស្បៀងអាហារពិភពលោក បាន​គូសបញ្ជាក់ថា ដោយសារកុមារដែលទៅរៀននៅសាលាមានអាហារហូបចុក ទទួលបាន​សម្ភារសិក្សា និងទទួល​បាន​កង់ ដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់​អ្នកមាន​ជីវភាព​ខ្វះ ខាតនៅជនបទ។ លោកស្រីបន្តថា ដោយឃើញថា កម្មវិធីនេះអនុវត្តន៍ទៅទទួលបាន​ផល​ប្រយោជន៍ច្រើន ដែលបច្ចុប្បន្ននេះកម្មវិធីស្បៀង​អាហារពិភពលោកបានកំពុង តែអនុវត្តន៍ កម្មវិធីនៅតាមសាលារៀនជា១.០០០នៅក្នុងខេត្តចំនួន៨ ហើយសម្រាប់ខេត្តសៀមរាប​នេះ គឺមាន​សាលាចំនួន​៤០០បានទទួលគម្រោងអាហារនៅតាមសាលារៀន។ ជាក់ស្តែង នៅថ្ងៃ នេះសិក្សានុសិស្ស និងចុងភៅចម្អិនអាហារនៅតាមសាលារៀនចំនួន៨៨៨នាក់ ទទួលបាន​កង់ម្នាក់១គ្រឿង ពីអង្គការRotary Club និងកម្មវិធីស្បៀង​អាហារពិភពលោកផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអប់រំ ជាគ្រឹះមួយ​យ៉ាងសំខាន់បំផុតក្នុងការកសាង ធនធានមនុស្សដែលសង្គមទាំងមូលត្រូវតែចូលរួម​វិនិយោគ ឱ្យបានខ្លាំងក្លា។ លោកអភិបាលរងខេត្ដបានថ្លែងអំណរគុណដល់កម្មវិធីស្បៀង​អាហារ​ពិភពលោក និងអង្គការRotary Club ដែលបានចូលរួមចំណែក​ជួយដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនេះ តាមរយៈការផ្តល់អាហារនៅតាមសាលារៀន ផ្តល់កង់ជា​មធ្យោបាយសម្រាប់ធ្វើដំណើរ និងសម្ភារសិក្សាដល់សិស្សដែលមានជីវភាព​ខ្វះខាត។ ចំពោះ សកម្មភាពទាំងនេះ គឺពិតជាបានចូលរួមកាត់បន្ថយអត្រាបោះបង់​ការសិក្សារបស់សិស្សយ៉ាង​ពិតប្រាកដ។

លោកបានបន្តថា បច្ចុប្បន្នក្រសួងអប់រំកំពុងតែធ្វើកំណែទម្រង់វិស័យអប់រំយ៉ាងខ្លាំង​ចាប់តាំងពីថ្នាក់បឋមសិក្សាឡើងទៅ ដែលបានធ្វើឱ្យវិស័យនេះ មានការប្រែប្រួលមុខមាត់ និង​មានការទទួលស្គាល់ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់ក្រសួង និងមន្ត្រីអប់រំតែម្នាក់ឯង មិនអាចជួយឱ្យវិស័យនេះ រីក​ចម្រើនស្របទៅនឹងអ្វី ដែលយើងចង់បាននោះទេ តែទាមទារឱ្យមានការចូលរួមពីគ្រប់​មជ្ឈ​ដ្ឋាន ការជួយពីដៃគូអភិវឌ្ឍន៍វិស័យអប់រំក្នុងការផ្តល់អាហារូបករណ៍ បានជួយឱ្យសិស្សានុ សិស្សមានលទ្ធភាពបានចូលរៀនគ្រប់គ្នាកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស ជួយ សម្រាលបន្ទុករបស់អាណាព្យាបាលសិស្ស ក៏ដូចជាបានរួមចំណែក កាត់បន្ថយភាពក្រីក្រ​របស់ប្រជាជន ដើម្បីធានាបាននូវគោលការណ៍សមភាព និងសមធម៌៕

ដោយ ឃុត សៅ