នាវាកងទ័ពរំដោះប្រជាជនចិន០៣គ្រឿងបានចាកចេញពីដែនសមុទ្រកម្ពុជាដោយសុវត្ថិភាព

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ — បន្ទាប់ពីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃរួចមក នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នាវាកង​ទ័ពរំដោះប្រជាជនចិន ០៣គ្រឿង បានចាកចេញពីដែនសមុទ្រកម្ពុជាប្រកបដោយសុវត្ថិភាព  បន្ទាប់ពីបានចូលចតបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ។ នាវាកង​ទ័ពរំដោះ​ប្រជា​ជនចិន ០៣គ្រឿងនេះ បានចូលមកព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ។ក្នុងដំណើរចាកចេញពីដែនសមុទ្រកម្ពុជា ក៏មានការស្វាគមន៍ជូនដំណើរនាវា កងទ័ពរំដោះ ប្រជាជនចិនទាំង០៣គ្រឿង នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយនាយ នាយរងកង ទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។លោកឧត្តមនាវីទោ XU HAI HUA នាយសេនាធិការរងកងនាវាសមុទ្រខាងជើង  និងជា ប្រធានគណៈប្រតិភូនាវា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងការស្នាក់នៅរបស់  នាវិកកងទ័ពជើងទឹករំដោះប្រជាជនចិន នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការស្នាក់នៅ ដំណើរកម្សាន្តនៅខេត្តព្រះសីហនុ មានលក្ខណៈល្អ សុវត្ថិភាព។ ទន្ទឹមនេះ ក្រុមនាវិកក៏បាន​ឈ្វេងយល់ពីការរស់នៅទំនៀមទម្លាប់ ប្រពៃណី និងកិច្ចសហ ប្រតិបត្តិការទ្វេភាគី​រវាងកង​ទ័ពជើងទឹកចិន និងកម្ពុជា។ លោកឧត្តមនាវីទោបានបន្ដថា ក្នុងការស្នាក់នៅកម្ពុជា នាវិក​ប្រទេសទាំងពីរក៏បានលេងកីឡាបាល់ទាត់មិត្តភាព ទាញព្រ័ត្រជាដើម ដើម្បីបង្កើនភាពស្និទ​ស្នាលរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ។

ក្នុងការចូលចត ស្នាក់នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរបស់នាវាកងទ័ពរំដោះ ប្រជាជនចិន បានចូលជួបសំដែងការគួរសមជាមួយរដ្ឋខេត្តព្រះសីហនុ, សំណេះសំណាល​ជាមួយសិស្សានុសិស្សសាលាកាងហួរ (សាលាចិន) នៅខេត្តព្រះសីហនុ, ចូលជួបមេបញ្ជាការ មូលដ្ឋានសមុទ្រ, រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មេបញ្ជាការកងទ័ពជើងទឹក, ព្រមទាំង ដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា នាវាទី១ មានឈ្មោះ  PLANS WUHU (F.F.G-539) បណ្តោយ ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយលោកវរៈនាវីឯក YANG KAI ។ នាវាទី២ មានឈ្មោះ PLANS HANDAN (F.FG-579) បណ្តោយ១៣៥ម៉ែត្រ  ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយលោកវរៈនាវីទោ ZHAO SHU QIAN  ។ ចំណែកនាវាទី៣ ឈ្មោះ PLANS DONG PINGKAJE ( AOR 960)  បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ  ជម្រៅទឹក១០ម៉ែត្រ ទម្ងន់ផ្ទុក២០.៥០០តោន ដឹកនាំ​ដោយ​លោកវរៈនាវីទោ ZHOU XIAOHUI ៕

ដោយ ងូ សុមុនី