សម្ដេចតេជោនាយករដ្ឋមន្ត្រី ជំរុញឱ្យស្ថាប័នព័ត៌មាន ផលិតព័ត៌មានពិត លឿន និងច្រើនភាសា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ —

ជាមួយនិងការជំរុញឱ្យមានការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីបង្កើនគុណភាព​កា​រងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរថែមទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន ក៏ដូចជាស្ថាប័ន​ព័ត៌​មាន​ទាំងអស់ ត្រូវជំរុញការផលិតព័ត៌មានពិត លឿន និងច្រើនភាសា ដើម្បីបម្រើឱ្យ​សេចក្ដី​ត្រូវ​ការរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីជួបជុំប្រចាំឆ្នាំជាលើកទី៣ ដើ​ម្បីសំណេះសំណាល និងពិសារបាយសាមគ្គី​ជា​មួ​យ​អ្នកសារព័ត៌មាន ប្រមាណជិត ៥០០០នាក់ នា​ល្ងា​ច​ថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.​ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅ​មជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេ​ជោ​នា​​យ​​ក​រដ្ឋមន្ត្រីលើកឡើងនូវសំណូមពរចំនួន៨ចំណុចដល់អ្នកសារព័ត៌មានទាំងអស់ ដែលត្រូ​វយ​ក​​ចិត្តទុកដាក់ ដែលក្នុងនោះរួមមាន ១-ស្ថាប័នព័ត៌មាន​​ទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរ​តួនា​ទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ ​សូមកុំឲ្យកញ្ចក់​នោះ​​ជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។ ២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន​ទាំង​អស់ត្រូវផ្សព្វផ្សាយព័ត៌មានពិត ដោយមានការពន្យល់ច្បាស់លាស់​ទៅប្រជាពលរដ្ឋឱ្យ​បា​ន​យល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វី​ដែ​ល​ជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ។ ៣-ស្នើឱ្យ​សារព័ត៌មានត្រូវចេះចូលរួម​ជួ​យ​​​រិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការសកម្មភាពដែលបានដាក់ចេញ របស់​ក្រ​សួ​ង​​​ស្ថា​ប័ននានា ដើម្បីធ្វើការកែលម្អ ហើយដែលការរិះគន់មិនមែនដើម្បីជាន់ពន្លិចនោះទេ។

៤-សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគនូវព័ត៌មាន អំពី​សភាពការណ៍ជា​លក្ខ​ណៈ​អ​ន្តរជាតិ ដើ​ម្បីឱ្យប្រជាពលរដ្ឋ​បានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅ​លើ​ពិ​ភព​​លោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍​ក្រៅ​ប្រ​ទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគនិងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវ​ចេះសិក្សា​ប​ក​​ស្រាយ និងវិភាគពីគេវិញផងដែរ។

៥) សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់​ឲ្យបាន​ត្រឹ​ម​​ត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោបានសំណូមពរដល់អ្នកប្រើប្រាស់​ប​ណ្តា​ញសង្គមហ្វេសប៊ុក (Facebook) សូមកុំឲ្យមានការជេរប្រមាថគ្នា ដែលនាំឲ្យ​មានរឿង​ប្តឹ​ង​ផ្ត​​ល់ និងឡើងតុលាការជាដើម។ ដូច្នេះ​សូមរក្សាតម្លៃរបស់ខ្លួន ​ពិសេសអ្នកសារព័ត៌មាន​ត្រូវ​ធ្វើ​ព័ត៌​មាន​ដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តី ឬនគរបាល​យុត្តិ​ធ​ម៌​​ឡើយ។ ៦-ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ ​គឺកុំធ្វើជាអ្នកសារ​ព័ត៌​មាន​ស​ម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។ ៧-កុំផលិ​ត និង​ជួ​យ​​ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ​ម្យ៉ាងវិញទៀត​ដើម្បី​ប្រ​យុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មាន​ពិតប្រាកដ ​ចេញ​ម​ក​​បកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។ ៨-ត្រូវខិតខំលើកកម្ពស់​សមត្ថ​ភា​ពបុគ្គលិកសារព័ត៌មាននិងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាប័នជំនាញ សកលវិទ្យាល័យ និង​ក្រ​សួង​ព័ត៌មានជាដើមដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែម​ទៀត​​។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និង​ការផលិតឲ្យមានភាពកាន់តែល្អប្រសើរ៕

ដោយ ជឹម ណារី