សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបង្ហាញក្តីបារម្ភលើការអភិវឌ្ឍ សមត្ថភាពថ្នាល ខណៈការប្រកួតនៅក្នុងស្រុកស្ទើរតែគ្មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បាន សម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងលើការអភិវឌ្ឍសមត្ថភាពអត្តពលិកថ្នាលកីឡាករ កីឡាការិនី ខណៈការប្រកួត ប្រជែងនៅក្នុងស្រុកមានតិចតួចដែលជាបញ្ហាប្រឈមមិនអាច វាស់ស្ទង់សមត្ថភាពបាន។លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់កាលពីម្សិលមិញថា  លើការអភិវឌ្ឍសមត្ថភាព អត្តពលិកថ្នាល ដែលសហព័ន្ធកំពុងបណ្តុះ បណ្តាលក្នុងការត្រៀមសម្រាប់ប្រកួតប្រជែងនៅ ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែប្រឈម គឺយើងស្ទើរមិនមាន ការប្រកួតជ្រើសរើសជើងឯក ឬព្រឹត្តិការណ៍កីឡាប្រដាល់សកលផ្សេងៗ សម្រាប់ឱ្យពួកគេ បង្ហាញសមត្ថភាពពិតនៅឡើយ ពោលគឺមានតែការប្រកួតផ្នែកប្រដាល់គុនខ្មែរប៉ុណ្ណោះ។

លោកថា អ្វីដែលសហព័ន្ធយើងកំពុងតែបារម្ភនោះ គឺកីឡាករកីឡាការិនី ប្រដាល់សកលថ្នាលមានតែ ការបណ្តុះបណ្តាលពីគ្រូបង្វឹកតែប៉ុណ្ណោះ រីឯការប្រកួត សម្រាប់ពួកគេនៅក្នុងស្រុកមានចំនួនតិចតួចបំផុត។ កត្តាប្រឈមទាំងអស់នេះហើយ គឺធ្វើឱ្យកីឡាករកីឡាការិនីយើងកង្វះខាតបច្ចេកទេស និងបទពិសោធន៍ប្រកួត នៅលើសង្វៀន ដែលជាមូលហេតុនាំឱ្យពួកគេធ្វើមិនបានល្អ នៅពេលប្រកួតនៅអន្តរជាតិ។ ចំណុចប្រឈម ទាំងនេះ គឺបានបង្កើតជាដើមចមធ្វើឱ្យ មានការបណ្តុះបណ្តាលរបស់ សហព័ន្ធពុំមានគុណភាព ដើម្បី ឆ្លើយ តបទៅ និងអ្វីដែលជាទិសដាក់ចង់បាន នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

ចំណែកឯ លោក ចេង ដារ៉ា គ្រូបង្ហឹកប្រដាល់សកលថ្នាលបានពន្យល់ដែរថា កីឡាករ កីឡាការិនីថ្នាល ប្រសិនបើគ្មានការប្រកួតច្រើននៅក្នុងស្រុកសម្រាប់ពួកគេនោះទេ បច្ចេកទេសរបស់ពួកគេ គឺមិនមានសិទ្ធផល កើនឡើងឡើយ។ ដូច្នោះការប្រជែង ដណ្តើមបានមេដាយ ពីស៊ីហ្គេមឆ្នាំ២០២៣ជូនកម្ពុជាមិនអាចទៅរួចនោះ ទេ។ ជាមួយគ្នានោះយើងត្រូវរៀបចំឱ្យមានការប្រកួតឱ្យបានច្រើន ដើម្បីពង្រឹងគុណភាព ពួកគាត់។

សូមបញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុងបណ្តុះ បណ្តាលយ៉ាងយកចិត្ត ទុកដាក់ ដោយមានជម្រើសជាតិថ្នាល៨នាក់ កីឡាករកីឡាការិនីបម្រុងថ្នាល៥នាក់ និងជម្រើសជាតិឈុតធំ មាន៦នាក់ ដែលគេម្នាក់ៗសុទ្ធតែអាចមានសមត្ថភាពគ្រប់គ្រាន់អាចប្រកួតបានទាំងថ្នាក់ជាតិ និងអន្តរជាតិ៕

ដោយ ហេង ណាលីន