ខេត្តកំពង់ចាមប្រារព្ធមិទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា

AKP កំពង់ចាម ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមប្រមាណជាង៨០០០នាក់ បានមកជួជុំគ្នានៅទីលាន សាធារណមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដើម្បីប្រារព្ធមិទ្ទីង មហាជនខួប អនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជម្នះ០៧មករា(០១.០៧.១៩៧៩-០១.០៧.២០១៩) ដែលជា ថ្ងៃរស់រានឡើងវិញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានគ្រប់គ្រងកម្ពុជាក្នុងរយៈ ពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ក្រោមអធិបតីភាព របស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ ប្រធាន​ក្រុម​កាងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​កំពង់ចាម​   និង​ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់ចាម។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ ប្រធាន​ក្រុម​កាងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​កំពង់ចាម​ បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅនេះថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បី ប្រារព្ធ មិទ្ទីងមហាជនខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជម្នះ០៧មករា ដើម្បីរម្លឹកនៃថ្ងៃ រស់រាន ឡើងវិញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយសារមានថ្ងៃ៧មករា នេះហើយ ទើបប្រជពលរដ្ឋរបស់យើងមានជីវិតរស់ឡើងវិញហើយអ្វីៗត្រូវបានចាប់ផ្តើមកសាងពីចំណុចសូន្យនេះដោយសារតែគណបក្សប្រជាជនកម្ពុជាយើងនេះបានរំដោះប្រទេសជាតិនោះ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ បានបញ្ជាក់ថា បើផឹកទឹកត្រូវដឹងគុណប្រភព បើជ្រកម្លប់ត្រវដឹងគុណនៃដើមឈើដូចនេះការដែលយើង បានរស់ឡើងវិញគឺដោយសា មានថ្ងៃ៧មករានេះហើយ។ យើងត្រូវដឹងគុណវីរភាពដ៏ខ្ពង់ខ្ពស់របស់វីរកុលបុត្រ នៃប្រជាជនវៀតណាមនិងវីរកុលបុត្រខ្មែរយើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនយើង។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ បានលើកឡើងថា  ក្នុងរយៈពេល៤០ឆ្នាំ បន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមក​រា​ ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី។ សមិទ្ធផលធំៗជាច្រើនលើ គ្រប់វិស័យបានដឹងកំពុងមានការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់​គណ​បក្ស​ប្រជា​ជ​ន​​​​​កម្ពុជានិងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ បានបញ្ជាក់ថា   ប្រទេសកម្ពុជាបានឆ្លង កាត់ពីដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់​កាល​ពង្រឹងពង្រីកខ្លួន បានជាជំហានៗ។ ចាប់ពី​ប្រទេស​មានសន្តិភាព​ពេ​ញ​​លេញមកគ្រប់ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសជាតិដូចជា ផ្លូវថ្នល់ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវ​បានស្ដារ និងស្ថាបនាច្រើនស្អេកស្កេះ​ពាស​ពេញផ្ទៃប្រទេស។ រោងចក្រ កសិដ្ឋាន មជ្ឈម​ណ្ឌ​ល​ពាណិជ្ជកម្ម អាគារខ្ពស់ៗត្រូវបាន​កសាងកាន់តែច្រើន បានផ្ដល់ការងារជូនប្រ​ជា​ពលរដ្ឋរាប់លាននាក់ ធ្វើឱ្យអត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី ៥៣.២ភាគរយ ក្នុងឆ្នាំ​២០​០​៤ ហើយបន្តធ្លាក់រហូតមកក្នុងរង្វង់ ៩ភាគរយក្នុងឆ្នាំ២០១៨ហើយ ត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើន​សេដ្ឋកិច្ចខ្ពស់​ដោយរក្សាកំណើនខ្ពស់ជាមធ្យម​ជាង៧ភាគរយ ក្នុងរយៈ​ពេល​២​ទសវត្សរ៍ចុងក្រោយនេះ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ បានលើកឡើងថា រយៈពេល​៤០​ឆ្នាំ​កន្ល​ង​ទៅនេះ ផ្ដើមចេញពីជ័យជម្នះ ៧មករា ប្រទេសជាតិនិងប្រជាជនកម្ពុជាមាន ការអភិវឌ្ឍយ៉ាង ឆាប់រហ័សបំផុត។ កម្ពុជាបានក្លាយពីវាលពិឃាតនៃរបប​ប្រ​ល័​យ​​ពូជ​សាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និង​ពី​គំ​នរ​ផេះផង់ មកជាជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ និតិរដ្ឋ និ​ងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយយប្រជាជនគ្រប់រូបបានរស់នៅប្រកប ដោយសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយសុ​ខ​ដុមរមនាក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រ ជាក់នៃ​អង្គព្រះមហាក្សត្រ​ជា​ទី​ស​ក្ការៈ​​ដ៏ខ្ពង់ខ្ពស់បំផុត។ ដូចនេះយើងត្រូវតែរួមគ្នា ថែរក្សាសមិទ្ធផលទាំងនេះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត៕

ដោយ ឆាយ ម៉ុត