គណៈប្រតិភូអេហ្ស៊ីបទៅធ្វើកិច្ចចរចាជាមួយពួកមន្ត្រីហាម៉ាសនៅហ្គាហ្សា

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា  ឆ្នាំ២០១៩ — គណៈប្រតិភូចារកម្មសន្តិសុខជាន់ខ្ពស់អេហ្ស៊ីបមួយបានទៅហ្គាហ្សាស្ទ្រីប កាលពីរសៀលថ្ងៃ ព្រហស្បតិ៍នេះ ដើម្បីធ្វើកិច្ចចរចាស្តីពីការធ្វើឱ្យមានភាពស្ងប់ស្ងៀមជាមួយអ៊ីស្រាអែល ហើយនឹងធ្វើការផ្សះ ផ្សាគ្នាផ្ទៃក្នុងប៉ាឡេស្ទីនជាមួយពួកមន្ត្រីហាម៉ាស់អ៊ីស្លាម ។

លោក Husam Badran សមាជិកការរិយាល័យនយោបាយហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា គណៈប្រតិភូអេហ្ស៊ីប បានទៅដល់ហ្គាហ្សាស្ទ្រីប តាមចំណុចឆ្លងកាត់ Erez នៅតាមព្រំដែនចន្លោះហ្គាហ្សាស្ទ្រីបភាគខាងជើងនិងអ៊ីស្រាអែល ។

លោកបាននិយាយថា បញ្ហាសំខាន់ដែលត្រូវធ្វើការពិភាក្សាគ្នារវាងភាគីទាំងពីររួមមានការបន្តឡើងវិញកិច្ចចរចា ដែលទាក់ទងដល់ការសន្យារបស់អ៊ីស្រាអែលចំពោះការធ្វើឱ្យមានភាពស្ងប់ស្ងាត់ ដែល  អេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាល ដែលបានសម្រេចរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីខែវិច្ឆិកា កន្លង ទៅ ។

លោក Badran បាននិយាយបន្ថែមថា បញ្ហាមួយទៀត គឺកិច្ចចរចាផ្សះផ្សាគ្នាផ្ទៃក្នុង ដែលបានគាំង ដំណើររវាងក្រុមហាម៉ាស់នឹងគណបក្សហ្វាតារបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដអា​ប់បាស់ ព្រម ទាំងជម្លោះ រវាងគូប្រជែងគ្នាទាំងពីរ ដែលនាំឱ្យមានការបិទកន្លែងឆ្លងកាត់ Rafah ជាមួយប្រទេសអេហ្ស៊ីប ។

ប្រភពសន្តិសុខនៅហ្គាហ្សាបាននិយាយថា គណៈប្រតិភូអេហ្ស៊ីបនឹងធ្វើការពិភាក្សាគ្នា ពីការអភិវឌ្ឍ នៃវិបត្តិរវាងពួកហ្វាតា និងក្រុមហាម៉ាស់ ដែលនាំឱ្យមានការដកពួកនិយោជិកអាជ្ញាធរប៉ាឡេស្ទីន ដែលបានចាកចេញពីការិយាល័យរបស់ពួកគេពីកន្លែងឆ្លងកាត់ Rafah កាលពីដើមសប្តាហ៍នេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )