រដ្ឋមន្ត្រីការបរទេសចិននិងអង់គ្លេសធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — សមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ( Wang Yi )   បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេស និងកិច្ចការកុម្ម៉ង់វែលអង់គ្លេសលោក ចេរ៉េមី ហ៊ុន ( Jeremy Hunt  ) កាលពីថ្ងៃព្រហស្បតិ៍ នឹងបានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីចំណងទាក់ទងចិន  –  អង់គ្លេស ព្រមទាំងបញ្ហាប្រទេសមីយ៉ាន់ម៉ា ។

លោក វ៉ាង បាននិយាយថា ប្រឈមមុខនឹងបរិយាកាសអន្តរជាតិ ដែលមិនពិតប្រាកដមួយនោះ ចិន និងអង់គ្លេស ក្នុងឋានៈជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនោះ គួរតែពង្រឹងការទាក់ទងគ្នា ​ព្រមទាំងដើរតួនាទីដែលធ្វើឱ្យមានស្ថិរភាពមួយរួមគ្នានៅក្នុងកិច្ចការជាសកល ។

លោកបានសំដែងសេចក្តីសង្ឃឹមថា អង់គ្លេសនឹងដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហានានា ដែលនឹងប៉ះទង្គិចដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក​ ព្រមទាំងការអភិវឌ្ឍឱ្យបានត្រឹមត្រូវនូវទំនាក់ទំនងទ្វេភាគី ដើម្បី    កសាងនូវ « សករាជមាស » នៃចំណងទាក់ទងចិន  –  អង់គ្លេស ។

ចំពោះបញ្ហាជនភៀសខ្លួនក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ភាគខាងលិចនោះ រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា អាទិភាពឥឡូវនេះគឺការជំរុញការទាក់ទងគ្នារវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស ដែលនៅជិតខាងខ្លួន ដើម្បីអាចឱ្យមានការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន តាមកាលបរិច្ឆេទមួយឱ្យបានឆាប់​ព្រមទាំងសម្រេចឱ្យបាននូវដំណោះស្រាយជាចុងក្រោយមួយ ស្តីពីបញ្ហានេះ ។

នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនេះ លោក ហ៊ុន បាននិយាយថា ប្រទេសអង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍនូវទំនាក់ទំនងជាមួយប្រទេសចិន ព្រមទាំងបានសាទរដល់តួនាទីយ៉ាងសំខាន់របស់ប្រទេសចិននៅក្នុងកិច្ចការអន្តរជាតិ និងថ្នាក់តំបន់ ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសបាននិយាយបន្ថែមថា ប្រទេសរបស់លោកមានឆន្ទៈបន្តធ្វើការជាមួយប្រទេសចិនលើការជំរុញនូវចំណងទាក់ទងទ្វេភាគីក៏ដូចជាបញ្ហាចំណុចក្តៅ ដែលរួមមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ផង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )