វៀតណាមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៩

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩​​ — ប្រទេសវៀតណាមជាពិសេសខេត្ត Quang Ninh បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍ អាស៊ានឆ្នាំ ២០១៩ (ATF 2019) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាឡុង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែ មករា។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Le Quang Tung អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយកាលពីថ្ងៃទី ៩ ខែមករា។ លោកបាននិយាយថា វៀតណាមបានរៀបចំវេទិកា ATF ជាលើកដំបូងកាលពី ១០ឆ្នាំមុន ហើយការរៀបចំម្តងទៀតនៅក្នុងឆ្នាំនេះនឹងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពស្រស់ស្អាតរបស់ប្រជាជន ប្រទេស និងវប្បធម៌នៅក្នុងតំបន់នេះដល់មិត្តភក្តិអន្តរជាតិ។

លោកបានកត់សម្គាល់ថា «វេទិកា ATF 2019 គឺជាស្ពានក្នុងការបង្កើនតួនាទីភូមិសាស្ត្រនយោបាយរបស់អាស៊ាន និងដៃគូរបស់ខ្លួន តាមរយៈកិច្ចសន្ទនាគ្នាទ្វេភាគី និងពហុភាគី»។ ក្រោមប្រធានបទ «អាស៊ាន – អំណាចនៃភាពតែមួយ» វេទិកានេះ គឺស្របទៅតាមកិច្ចសហប្រតិបត្តិការរបស់អាស៊ានឆ្ពោះទៅរកប្លុក «ទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

លោកបាននិយាយថា វៀតណាមបានក្លាយទៅជាទិសដៅទេសចរណ៍ដ៏លេចធ្លោមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងគុណតម្លៃពិសេសរបស់ខ្លួនជាមួយនឹងវប្បធម៌ និងប្រវត្តិសាស្ត្រ ទិដ្ឋភាពធម្មជាតិស្រស់ស្អាត មនុស្សរួសរាយរាក់ទាក់។ នៅក្នុងសហគមន៍អាស៊ាន ទេសចរណ៍របស់ប្រទេសវៀតណាមត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត ដែលសំដៅទៅលើភាពរុងរឿង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក Tung បានអះអាងថា វាគឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការបង្កើនតួនាទីរបស់ខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ និងបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ខ្លួន។ វេទិកា ATF ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨១ ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីលើកកម្ពស់អាស៊ានជាទិសដៅទេសចរណ៍មួយ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះពាក់ព័ន្ធនឹងវិស័យទេសចរណ៍ទាំងអស់នៃប្រទេសជាសមាជិកទាំង ១០៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)