ក្រសួងសាធារណការប្រកាសជំរុញសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែមានភាពរស់រវើក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖


ក្រសួងសាធារណការប្រកាសជំរុញសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែមានភាព រស់រវើក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សេវាដឹកជញ្ជូនឲ្យកាន់តែមានភាពងាយស្រួល។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានចាប់ផ្ដើមជំរុញការសាងសងចំណតកំពង់ផែនានានៅតាមដងទន្លេនៅទូទំាងប្រទេស ដើម្បីឈានទៅបំរើសេវាកម្មដឹកជញ្ជូនមនុស្សនិងទំនិញតាមផ្លូវទឹកនាពេលខាងមុខ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការកាលពីថ្ងៃទី១០ ខែមករា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថា ឆ្នាំ២០១៩នេះក្រសួងបានជំរុញការសាងសងចំណតផែរណបតាមដងទន្លេ ចំណតផែទំនិញ និងបង្កើតតំបន់គាំទ្រកំពង់ផែ ឃ្លាងស្ងួត ឃ្លាង-ត្រជាក់ នៅតាមដងទន្លេនានានៅបណ្ដាលខេត្តដែលជាប់ទន្លេនៅកម្ពុជា។
ឯកឧត្ដមបន្តថា ការជំរុញការសាងសង់ ចំណតកំពង់ផែនេះគឺ ដើម្បីបង្កើនសមត្ថភាព បំរើសេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវទឹក ឲ្យកាន់តែរស់រវើក ហើយជួយកាត់បន្ថយសកម្មភាពដឹកជញ្ជូនទំនិញតាម រយៈរថយន្តធំៗដែលកំពុងមានសកម្មភាពដ៏មមាញឹកនៅលើផ្លូវគោក។
លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិអោយដឹងដែរថា កសាងកំពង់ផែទំនិញរានៅតាមបណ្តាខេត្តជាប់ដងទន្លេនេះ ថានឹងជួយបង្កើនកំណើនសេដ្ឋកិច្ចពិសេសមានផលប្រយោជន៍ច្រើនសំរាប់ប្រជាពលរដ្ឋ ដោយសារតែតម្លៃទំនិញនឹងទាបជាងមុន ហើយសេវាកម្មដឹកជញ្ជូនមានភាពលឿនរហ័សជាងការដឹកជញ្ជូននៅលើផ្លូវគោក។
ការដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវទឹកគឺមានភាពងាយស្រួល ដឹកបានច្រើន មានតំលៃសមរម្យ កាត់បន្ថយការកកស្ទះនិងខូចផ្លូវថ្នល់ និងមិនចាំបាច់ដឹកជញ្ជូនឆ្លងកាត់ក្រុង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះការធ្វើសកម្មភាពដឹកជញ្ជូនទំនិញ និងមនុស្សតាមផ្លូវទឹកនៅកម្ពុជា មិនទាន់មានសកម្មភាពរស់រវើកនៅឡើយទេស ដោយសារតែការខ្វះចំណតកំពង់ផែនៅតាមបណ្តាខេត្ត ស្ថានភាពទឹកទន្លេមានភាពរីងរាក់ដោយកន្លែង ដែលពិបាកក្នុងការធ្វើនាវាចរ៕