ក្រសួងបរិស្ថានបើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន សង្គមពេញលេញសម្រាប់គម្រោងអាជីវកម្មថ្មបាយក្រៀម

AKP ភ្នំពេញ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម សាបូ អាហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរ ក្រសួងស្តីពីការ ពិនិត្យនិងផ្តល់ យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន សង្គមពេញលេញ សម្រាប់គម្រោង អាជីវកម្ម ថ្មបាយក្រៀម ។ កិច្ចប្រជុំនេះធ្វើឡើង កាលពីរសៀលថ្ងៃពុធ ៤កើតខែ បុស្សឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើយោងតាមការផ្សាយរបស់ក្រសួងបរិស្ថាន។ឯកឧត្តម សាបូ អាហ្សាណូ បានបញ្ជាក់ថា គម្រោងអាជីវកម្មថ្មបាយក្រៀម នេះ មានផ្ទៃ ដីទំហំ ១៥៧.១៤៦៥ ហិកតា មានទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងភូមិច្រកឃ្លៃ ឃុំទូក មាស ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត របស់ក្រុមហ៊ុនកំពត ស៊ីមេន ខូ អិល ធី ឌី (ម្ចាស់​គម្រោង) ដែលសិក្សា និងរៀបចំរបាយកាណ៍ វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPIC CO.,LTD ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងគាំទ្រគម្រោងអាជីវកម្មដីថ្មបាយក្រៀមនេះ ដើម្បី ជាវត្ថុធាតុដើមបម្រើឱ្យការផលិតស៊ីម៉ងត៍ ហើយក្រុមហ៊ុនត្រូវពិចារណាធ្វើផ្លូវដឹកជញ្ជូនថ្ម បាយក្រៀម ជាផ្លូវបេតុងដែលមានចម្ងាយប្រមាណជាង២គីឡូម៉ែត្រ ដោយក្រសួងរង់​ចាំ​ចម្លើយ ក្រោយពេលតំណាងក្រុមហ៊ុនឆ្លងប្រធានក្រុមហ៊ុនរួច។ ទន្ទឹមនេះ ក្រុមហ៊ុនត្រូវ​យក ចិត្តទុកដាក់សរសេរច្បាប់ អនុក្រឹត្យ និងប្រកាសនានាទៅតាមការលើកឡើងរបស់អន្តរ ក្រសួងចៀសវាងផ្តល់យោបល់ដដែលៗ។

ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង រាវ គ្រប់ ប្រភេទ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី ក្រោមដី និងក្រុមហ៊ុនត្រូវផ្ទៀងផ្ទាត់ លើទិន្នន័យសិក្សាលើធនធានទិន្នផលឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនណែនាំឱ្យ អ្នកបើកបរគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយត្រូវ មានប័ណ្ណបើកបរ ដឹកមិនលើសទម្ងន់ និងគ្របតង់ជាដើម។ ក្រុមហ៊ុនត្រូវមានផែនការដាំដើមឈើជាបណ្តើរៗនូវប្រភេទដើមឈើ ក្រញូង បេង ធ្នង់ ជាដើម នៅតាមព្រំប្រទល់ និងសងខាងផ្លូវចេញចូលទីតាំងគម្រោង ដោយ សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត។

ក្រៅពីនេះ ក្រុមហ៊ុនត្រូវធ្វើការវិភាគសេដ្ឋកិច្ចនិងតម្លៃខូចខាតបរិស្ថានឡើងវិញ ឱ្យបាន ត្រឹមត្រូវ ដោយមានអំណះអំណាងច្បាស់លាស់  ​និងត្រូវភ្ជាប់កិច្ចសន្យារវាងក្រុមហ៊ុនដឹក ជញ្ជូន និងក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី នៅក្នុងឧបសម្ព័ន្ធនៃរបាយការណ៍៕

ដោយ ពេជ្រ ណារិទ្ធ