លោកត្រំាជំរុញការសាងសង់របងជញ្ជាំងព្រំដែនក្នុងពេលទៅទស្សនានៅតំបន់ព្រំដែន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.០១.១៩)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា បាននិយាយព្រមានថានឹងមានអំពើឃាតកម្មនិងមានក្រុមជនពាលកើតឡើងនៅទូទំាងសហរដ្ឋអាមេរិកបើសិនជាបណ្តោយឲ្យជនអន្តោប្រវេសន៍ចូលមកក្នុងទឹកដីអាមេរិក ។

លោកត្រំានិយាយបែបនេះ ក្នុងពេលគាត់ធ្វើដំណើរទៅកាន់តំបន់ព្រំដែនក្បែរប្រទេសមិចស៊ិកកូកាលពីថ្ងៃព្រហស្បតិ៍នេះក្នុងកិច្ចប្រឹងប្រែងឲ្យមានការអនុម័តកញ្ចប់ថវិការាប់លានដុល្លា ដើម្បីសាងសង់របងជញ្ជាំងរបស់គាត់ ។សមាជិកសភាមកពីគណៈបក្សប្រជាធិបតេយ្យបានបដិសេធការស្នើកញ្ចប់ថវិការបស់លោកត្រំាដែលមានទឹកប្រាក់ចំនួន ៥.៧ ពាន់លានដុល្លា ដោយនិយាយថាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃជនអន្តោប្រវេសន៍ មិនមែនជាអ្នកប្រព្រឹត្តសកម្មភាពឧក្រិដ្ឋកម្មនោះទេ។

លោកត្រំា បាននិយាយថា ការសាងសង់របងជញ្ជាំងតាមព្រំដែនជាមួយប្រទេសមិចស៊ិកកូអាចនឹងទប់ស្កាត់អំពើហឹង្សាក្នុងប្រទេសអាមេរិក ​តែតាមការសិក្សានានា បានបង្ហា្ថញថាជនអន្តោប្រវេសន៍ក្នុងប្រទេសអាមេរិកប្រព្រឹត្តអំពើខុសច្បាប់តិចជាងពលរដ្ឋដែលកើតនៅក្នុងប្រទេសអាមេរិក ។​