គ្រោងរំកិលទីតាំងរូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​
រាជធានីភ្នំពេញ​៖​ អាជ្ញាធររាជធានីភ្នំពេញ​ បានអោយដឹងថា​ ដោយមើលឃើញពីបញ្ហាកកស្ទះចរាចរណ៍ចំពោះអ្នកដំណើរលើមហាវិថីទេពផន ឆ្ពោះឡើងទៅមហាវិថីព្រះមុន្នីរ៉េត មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញ ដោយសម្រេចរំកិលប្តូរទីតាំងរូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែម សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

​ ឯកឧត្តម​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំង និងសិក្សាពីលទ្ធភាពលើការងាររំកិលរូបសំណាក់នាងគង្ហីង និងស្តុបនាងគង្ហីង ដែលនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អប្រព័ន្ធចរាចរណ៍ឡើងវិញឲ្យដំណើរការរលូន និងអាចបញ្ជៀសការកកស្ទះចរាចណ៍សម្រាប់អ្នកដំណើរផងដែរ ។

ពាក់ព័ន្ធនឹងការរំលិករូបសំណាក់ នាងគង្ហីង និងស្តុបនាងគង្ហីងឲ្យបានល្អប្រសើរជាងមុននេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់នាងគង្ហីង នឹងមានការលើកកម្ពស់ ពី៥,៥ម៉ែត្រ ឡើងដល់៧,៥ម៉ែត្រ ។

លោក សាំ ពិសិដ្ឋ បន្តថា បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ​ បានចុះពិនិត្យទីតាំងថ្មី​ ដែលត្រូវរំកិលរូបសំណាក់នាងគង្ហីង ហើយនោះ ឯកឧត្តម​​ ឃួង ស្រេង បានពិនិត្យទៅលើស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត៕