កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួល អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស បានរៀបចំកិច្ច ប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ ដោយមានការជួយចូលរួមដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងឯកឧត្តម Qian Keming អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធា រណរដ្ឋប្រជាមានិតចិន។កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលផ្តោតសំខាន់នៃកិច្ចសហ ប្រតិបត្តិការផ្តល់ឱកាសដល់ភាគីក្រុមហ៊ុន អាជ្ញាធររាជរដ្ឋាភិបាលលើកសំណើពិភាក្សា សំដៅអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម Qian Keming អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជា មានិតចិន មានប្រសាសន៍លើកឡើង ដោយមានកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរចិន-កម្ពុជា បង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានវិនិយោ គិនចិន មករកស៊ីបង្កើតរោងចក្រ និងអគារពាណិជ្ជ សណ្ឋាគារ នាពេលបច្ចុប្បន្នមាន ការកើនឡើង ក្នុងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបន្តទៀត។ ព្រមទាំងបានលើកសំណើប្រឈមយកមកពិភាក្សា និងដោះស្រាយ មានដូច ទី១. កែលម្អសន្តិសុខ សុវត្ថិភាពនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសមានដូចជា ល្បែងភ្នាល់ គ្រឿងញៀន, ២.ស្នើសុំបន្តគោល នយោបាយអនុគ្រោះពន្ធសម្រាប់ក្រុមហ៊ុនរោងចក្រ, ៣. ដោះស្រាយវិវាទដីធ្លីនៅតំបន់ក្រុមហ៊ុនសេដ្ឋកិច្ចពិសេស  និងទី៤. បញ្ហាអគ្គិសនីថ្លៃ និងកង្វះកម្លាំងពលកម្ម។ ដោយសាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសខេត្តព្រះសីហនុ មានអគារខ្ពស់ៗរីកដុះដាលយ៉ាង លឿន។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលចិនអនុវត្តន៍នូវគោលនយោបាយផ្លូវមួយខ្សែក្រវាត់ មួយផ្អែកលើវិស័យឧស្សាហកម្ម និងពង្រឹងវិស័យផ្សេងៗទៀត។ រដ្ឋាភិបាលចិនបានសហការ ជាមួយរដ្ឋាភិបាលកម្ពុជា ពង្រឹងសន្តិសុខ សុវត្ថិភាព នាំឱ្យកម្ពុជាមានការអភិវឌ្ឍបន្តទៀត។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្រប សម្រួល បានផ្ដល់ឱកាសឲ្យភាគីក្រុមហ៊ុន និងរដ្ឋាភិបាលលើកសំណើសំដៅធ្វើការពិភាក្សា កែលម្អ អនុវត្តន៍ឱ្យបានល្អប្រសើរ ព្រមទាំង បានស្នើឱ្យភាគីចិន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករ និងពង្រីកការិយា ល័យមន្ត្រីប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេស ស្របតាមតម្រូវការនៃការអភិវឌ្ឍនា ពេលបច្ចុប្បន្ន ដែលមានរោងចក្រ ១៥៣ និងមានកម្មករជាង ១២.០០០នាក់។

ឯកឧត្តមបន្តថា រយៈពេល ៤ឆ្នាំកន្លងមកនេះខេត្តព្រះសីហនុទទួលបានជោគជ័យ ជាបន្តបន្ទាប់ ជាពិសេសនាពេលបច្ចុប្បន្នមានជើងយន្តហោះ ៥៦ជើង ក្នុងមួយសប្តាហ៍ ដូច្នេះការអភិវឌ្ឍខេត្តព្រះ សីហនុ មានល្បឿនលឿនធ្វើឱ្យយើងរត់តាមទាំងសន្តិសុខ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។ រាជរដ្ឋាភិបាលកម្ពុជា មានគោល នយោបាយប្រែក្លាយ ខេត្តព្រះ សីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានវិស័យឧស្សាហ កម្ម ពាណិជ្ជកម្ម កសិកម្ម និងទេស ចរណ៍ ។

លោក ឈិន សេងងួន អភិបាល រង ស្តីទីខេត្តព្រះសីហនុ មានប្រ សាសន៍ថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាព ជាពិសេសក្រសួងមហាផ្ទៃ ត្រៀមបញ្ជូនកម្លាំងពិសេសចំនួន ៦០នាក់បន្ថែមទៀតដើម្បីជួយការពារសន្តិសុខ សុវត្ថិ ភាពខេត្តព្រះសីហនុ នាពេលបច្ចុ ប្បន្ន រដ្ឋបាលខេត្តមានកម្លាំង ៣ប្រភេទចំនួន ៩០នាក់ ក្នុងនោះស្នងការខេត្ត ៣០នាក់ នគរបាលព្រំដែនទឹក ៣០នាក់ និងកងរាជ អាវុធហត្ថ ៣០នាក់ បែងចែកវេនល្បាតការពារជាប្រចាំ ក្នុងការបង្ការ បង្ក្រាបទប់ស្កាត់បទល្មើសនៅតាមចំណុចគោលដៅ ។ សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ នឹងគ្រោងធ្វើនៅឆ្នាំ២០២១ខាងមុខ នៅប្រទេសចិន៕

ដោយ ងូ សុមុនី