ក្រសួងទេចរណ៍ និងរដ្ឋបាលខេត្ដកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៩នេះ

AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ដកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធី បុណ្យទន្លេ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យ ទន្លេឆ្នាំ២០១៩ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីថ្ងៃព្រហស្បតិ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាខេត្តកំពង់ឆ្នាំង។   ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា គោល​បំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារទាំងក្រុមការងារ ថ្នាក់ ជាតិ និងថ្នាក់ខេត្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៥ ដែលនឹងរៀបចំ ឡើងនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ ឯកឧត្តមបានបន្ដថា ការរៀបចំពិធីបុណ្យទន្លេនេះ នឹងជាឱកាសដ៏ប្រសើរបំផុត ក្នុងការរួមគ្នា គិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងការអភិវឌ្ឍទឹកដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្ត ការលើក កម្ពស់ការយល់ដឹងជាសាធារណៈ ពីការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការចូលរួមសម្អាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់នៅ ប្រកបដោយភាព ស្អាត ភាពបៃតង ភាពញញឹមរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចល្អ។ ទន្ទឹមនេះ ក៏ត្រូវ ពង្រឹងគុណ ភាពផលិតផល និងសេវាកម្មទេសចរណ៍ ពិសេសព្រឹត្តិការណ៍នេះ នឹងជួយលើក កម្ពស់មុខ មាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើន ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋានថែមទៀត៕

ដោយ សោម ឬទ្ធី