កម្ពុជានឹងបញ្ជូនកម្លាំងមួកខៀវកងវិស្វកម្មចំនួន១៨៤នាក់ ទៅប្រទេសលីបង់ ដើម្បីប្តូរវេន​កម្លាំងចាស់នៅចុងខែមករានេះ

AKP កំពង់ស្ពឺ ថ្ងៃទី១០​ ខែមករា ឆ្នាំ២០១៩ — កម្ពុជានឹងបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន១៨៤នាក់ នៅចុងខែមករា ឆ្នាំ២០១៩នេះ ដើម្បីចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណ​រដ្ឋ​លីបង់ សម្រាប់ធ្វើការប្តូរវេន កម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពជូនសម្រាប់ប្រទេស លីបង់នេះ។

ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងវិស្វកម្ម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅសាលាបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបញ្ជូនកងកម្លាំងចេញទៅបំពេញ​បេសកកម្មអង្គការសហប្រជាជាតិ បានថ្លែងថា នេះជាលើកទី៩ហើយដែលកម្ពុជា បញ្ជូន​កម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសនេះ។ ឯកឧត្តមបានបញ្ជាក់ថា កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅ​ដើម្បីប្តូរកម្លាំងចាស់ដែលនឹងបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករា ខាងមុខនេះ។

ឯកឧត្តមបានរម្លឹកថា អំឡុងពេល២៦ឆ្នាំមុន កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ​ប្រជា​ជាតិ ត្រូវបានបញ្ជូនមកកាន់កម្ពុជា ប៉ុន្តែចាប់ពីតាំងពីឆ្នាំ២០០៦មក រហូតដល់បច្ចុប្បន្ន មាន​រយៈពេល១៣ឆ្នាំ កម្ពុជាបានក្លាយជាប្រទេសមួយបញ្ជូនកងកម្លាំងរបស់ខ្លួន ពាក់មួកខៀវ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ គិតរហូតមកដល់ ពេលនេះ គឺមានកងទ័ពមួកខៀវកម្ពុជាជាច្រើនពាន់នាក់ បានចេញបេសកកម្មនៅប្រទេស ជាច្រើនលើពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍   សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គ នាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា កងវិស្វកម្មកម្លាំងមួកខៀវលេខ ៦៩៣ចំនួន១៨៤នាក់ ដែលនឹងចេញទៅប្រទេសលីបង់នេះ ក៏មានអមដោយកម្លាំងដោះមីន ផងដែរគឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺនជំនាញ ត្រឹមត្រូវតាមស្តង់ដាររបស់អង្គការសហ ប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័នចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំង ចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការ ដ្ឋានកងទ័ព អាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។

ឯកឧត្តមបានបន្ដថា កម្លាំងកំពុងបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅប្រទេស លីបង់  គឺមានចំនួន១៨៤នាក់ ទាំងកម្លាំងវិស្វកម្ម និងកម្លាំងដោះមីន ដែលកម្លាំងទាំងនេះ គឺកំពុងប្រតិបត្តិការរាល់ថ្ងៃគឺដោះមីន ដើម្បីសាងសង់ព្រំដែនសីមា រវាងប្រទេសអ៊ីស្រាអែល និងលីបង់។

លោក Hubert Staberhoter តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានឱ្យដឹងដែរថា កម្ពុជាបានបញ្ជូនកម្លាំងទាំង១៨៤នាក់ ទៅកាន់ប្រទេសលីបង់ គឺកម្ពុជា បានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល។ លោកបានបន្ថែមថា ព្រឹតិ្តការណ៍កាលពី២៣ឆ្នាំមុន កងរក្សាសន្តិភាពរបស់ អង្គការសហប្រជា​ជាតិបញ្ជូនមកកាន់កម្ពុជា។ តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេសមួយបញ្ជូនកងកម្លាំង និងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេស ចំនួន៨ រួចមកហើយ។

សូមរម្លឹកថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងមួកខៀវក្រោមឆ័ត្រអង្គការសហ ប្រជាជាតិចំនួនជាង៥៧៨៣នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២៧៧នាក់ ដើម្បីចូលរួមបេសក កម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១.០០០នាក់ ដែលកំពុង បំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិក កណ្តាល លីបង់ និងម៉ាលី។  ទន្ទឹមនេះ កម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាព ច្រើន ជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា