រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរំកិលរូបសំណាក់នាងគង្ហីងមកទីតាំងថ្មី ដើម្បីពង្រីកផ្លូវ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ដោយមើលឃើញពីបញ្ហា ការកកស្ទះចរាចរចំពោះអ្នកដំណើរលើផ្លូវទេពផន ឡើងទៅ មហាវិថីព្រះមុន្នីរេត (ពីផ្លូវទេពផនបត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញសម្រេចរំកិលប្តូរទីតាំង រូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែម សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ លើទីតាំង និងសិក្សាពីលទ្ធភាពលើការងាររំកិលរូបសំណាក់នាងគង្ហីង នៅស្តុបនាងគង្ហីង ស្ថិតនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អប្រព័ន្ធចរាចរណ៍ឡើងវិញ ឱ្យដំណើរការរលូន និងអាចបញ្ចៀស ការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរផងដែរ។

ពាក់ព័ន្ធនឹងការរំលិលរូបសំណាក់ នាងគង្ហីង នៅស្តុបនាងគង្ហីងឱ្យបានល្អប្រសើរ ជាងមុន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់ នាងគង្ហីង នឹងមានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ។

លោកបន្តថា បន្ទាប់ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ​ បានចុះពិនិត្យទីតាំងថ្មី​ ដែលត្រូវរំកិលរូបសំណាក់នាងគង្ហីងនេះរួចមកនោះ ឯកឧត្ដម ឃួង ស្រេង បានទៅ ពិនិត្យទៅលើស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យ ចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការដំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឱ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើងតាមស្ពានថ្មើរជើង ដើម្បី សម្រួលចរាចរណ៍ផងដែរ៕

ដោយ សួស សំរិត