សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ចើញចូលរួមក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៣នៅថ្ងៃទី ១១ ខែមករា

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក ម៉ឹង កុសល់

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ចើញចូលរួមក្នុងជំនួបជាមួយអ្នកសារព័ត៌​​មានក្នុង​ស្រុកលើកទី៣ នៅថ្ងៃទី ១១ ខែមករា ដើម្បីបង្កើនការរឹតចំណងមិត្តភាព រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។

យោងតាមរយៈផេកហ្វេសបុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា នៅល្ងាចថ្ងៃសុក្រ ទី១១ មករានេះ ខ្ញុំនឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីនៅកោះពេជ្រ។ សម្តេចបានលើកឡើងថា ពិតប្រាកដណាស់ ការរីកចម្រើរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗអ្នកសារព័ត៌មានបានឡើយ។ សម្តេចតេជោបានបន្តថា យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំ មកហើយដោយសារសង្រ្គាម ប៉ុន្តែក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរណ៍ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។
ជាចុងក្រោយសម្តេចតេជោបានអរគុណបងប្អូន និងក្មួយៗអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើង កាន់តែរីកចម្រើនលឿនទៅមុខ។
នៅក្នុងឆ្នាំសកលថ្មី ២០១៩នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូន និងកូនក្មួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេស ទទួលបានជោគជ័យក្នុងភាកិច្ចការងារ និងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕