លោក ស៊ី ជីនពីង ធ្វើកិច្ចចរចាជាមួយលោក គីម ជុង អ៊ុន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា  ឆ្នាំ២០១៩ — លោក ស៊ី ជីនពីង ( Xi Jinping ) អគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិនកាលពីថ្ងៃអង្គារបានធ្វើកិច្ចចរចាជាមួយលោក គីម ជុងអ៊ុន ( Kim jong un ) ប្រធានគណបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង ដែលបានទៅដល់ក្រុងប៉េកាំង នៅថ្ងៃ     ដដែលនោះ ដើម្បីធ្វើទស្សនកិច្ចមួយនៅប្រទេសចិន ។

នៅក្នុងបរិយាកាសរាក់ទាក់និងជាមិត្តមួយនោះ មេដឹកនាំទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនគ្នាយ៉ាងស៊ីជម្រៅមួយស្តីពីទំនាក់ទំនងចិន-កូរ៉េខាងជើង ព្រមទាំងបញ្ហាដែលមានជាប់ទាក់ទងរួមនឹងបានឈានដល់ការមូលមតិគ្នាយ៉ាងសំខាន់ ។

ភាគីទាំងពីរបានព្រមព្រៀងធ្វើកិច្ចប្រឹងប្រែងរួមគ្នា ជំរុញទៅមុខសម្រាប់ការអភិវឌ្ឍថ្មីជាបន្តនៃទំនាក់ ទំនងចិន-កូរ៉េខាងជើងនៅក្នុងសករាជថ្មី, ជំរុញទៅមុខដោយឥតងាករេ នូវដំណើរការដំណោះស្រាយ នយោបាយបញ្ហាឧបទ្វីបកូរ៉េ,នាំមកនូវផលប្រយោជន៍ថែមទៀត ដល់ប្រជាជនប្រទេសទាំងពីរ ព្រមទាំងធ្វើការរួមចំណែកជាវិជ្ជមានដល់សន្តិភាព, ស្ថិរភាព, វិបុលភាព និងការអភិវឌ្ឍតំបន់និងពិភព លោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )