វៀតណាមស្នើឱ្យបណ្តាប្រទេសផ្សេងៗទៀតគោរពច្បាប់អន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​ — លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានគូសបញ្ជាក់អំពីគោលជំហររបស់វៀតណាមក្នុងឱកាសដែលនាវា USS McCampbell របស់សហរដ្ឋអាមេរិកឆ្លងកាត់ដែនទឹក Hoang Sa របស់វៀតណាម ដែលជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងករណីកាលពីថ្ងៃទី ៩ ខែមករា។

អ្នកនាំពាក្យរូបនេះបាននិយាយថា «វៀតណាមមានមូលដ្ឋានច្បាប់ និងព័ស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ ដែលបង្ហាញអំពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa (Spratly) ដែលស្របតាមច្បាប់អន្តរជាតិ»។

លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងជារដ្ឋនៅតាមឆ្នេរសមុទ្រមួយនៅសមុទ្រខាងកើត ប្រទេសវៀតណាមជានិច្ចកាលតែងតែគោរពសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតនៃរដ្ឋផ្សេងៗទៀត ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២ ។

សេចក្តីថ្លែងការណ៍សមុទ្រ និងសកម្មភាពពាក់ព័ន្ធរបស់រដ្ឋនៅតាមឆ្នេរសមុទ្រ គួរតែត្រូវបានធ្វើឱ្យ  សមស្របនឹងច្បាប់អន្តរជាតិ ដូចមានចែងនៅក្នុង UNCLOS ឆ្នាំ ១៩៨២ ។

អ្នកនាំពាក្យរូបនេះក៏បានគូសបញ្ជាក់ផងដែរថា «វៀតណាមសុំស្នើឱ្យបណ្តាប្រទេសដទៃទៀត បន្តរួមចំណែកជាវិជ្ជមាន និងឱ្យមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ខណៈដែលគោរព និងអនុវត្តកាតព្វកិច្ចអន្តរជាតិដែលពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ច្បាប់នៅក្នុងសមុទ្រ និងមហាសមុទ្រ»៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)