ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ សម្ពោធអគារអប់រំបច្ចេកទេស១ខ្នងតម្លៃជាង៦០០លានរៀលនៅស្រុកថ្មពួក​

វិទ្យុជាតិកម្ពុជា៖ ដោយ ចេម ហួត

បន្ទាយមានជ័យ៖ ថ្ងៃទី១០​ ខែធ្នូឆ្នាំ២០១៨នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្រ្ត​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកជំទាវម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអប់រំបច្ចេកទេស​ ១ខ្នង​ តំលៃជាង​៦០០លានរៀលនៅវិទ្យាល័យថ្មពួក​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ និងបន្តជួបសំណេះសំណេះជាមួយប្រជាពលរដ្ឋជាង១២០០នាក់។

 

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​។

 

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានប្រសាសន៍ថា​ កម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ មានសន្តិសុខ សន្តិភាព និងស្ថេរភាពនយោបាយជាឱកាសមាសក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធិផលយ៉ាងធំធេងដោយប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦លើពិភពលោកដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងលឿនបំផុតដោយសម្រេចបានកំណើនជាមធ្យមជាង៧%ក្នុង១ឆ្នាំ។

 

ជាមួយគ្នានេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្តថា​ កំណើនសេដ្ឋកិច្ចខ្ពស់បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋត្រូវបានកែលម្អកាន់តែប្រសើរឡើងជាលំដាប់កំណើនចំណូលមធ្យមសម្រាប់ម្នាក់ៗប្រមាណ២៨៨ដុល្លានៅឆ្នាំ២០០០ដល់១៥៦៣ដុល្លារឆ្នាំ២០១៨ទន្ទឹមនឹងនេះអត្រាភាពក្រីក្របានធ្លាក់ចុះប្រមាណ៥៣,២%នៅឆ្នាំ២០០៤មកនៅត្រឹមប្រមាណ១៣,៥%នៅឆ្នាំ២០១៤​និងបន្តថយចុះមកនៅរង្វង់១០%នាបច្ចុប្បន្ន​។

ជាទ្រនាប់ដៃ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកនូវអំណោយជាសម្ភា​រ​ និងថវិកា​ចែកជូនមាន:

១.លោកគ្រូ​ អ្នក​គ្រូ​ចំនួនជាង៦០នាក់​ ម្នាក់ៗទទួលបាន​សារ៉ុង១​ ថវិកា២ម៉ឺនរៀល

២.ប្រជាពលរដ្ឋ​ចំនួន៥០០នាក់​ ម្នាក់ៗទទួលបាន​សារ៉ុង១

៣.សិស្សានុសិស្ស​ចំនួន៥០០នាក់​ម្នាក់ទទួលបាន​ សៀវភៅ​ ប៊ិច​ ខ្មៅដៃ​ សារ៉ុង​ ថវិកា៥ពាន់រៀល

៤.ជូនវិទ្យាល័យថ្មពួកថវិកា១លានរៀល។

ក្នុងពិធីនេះដែរ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបំពាក់នៅគ្រឿងឥស្សរិយយសជូនដល់សប្បុរសជនជាតិ​ និងអន្តរជាតិដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ៕