ព្រឹទ្ធសភានឹងពិនិត្យនិងឲ្យយោបល់សេចក្ដីស្នើច្បាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងបោះជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង ស្រុកខណ្ឌនៅថ្ងៃទី១០ខែមករាស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ជួនបូណា

ភ្នំពេញ៖ ព្រឹទ្ធសភានឹងពិនិត្យនិងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ខេត្ដ ក្រុង ស្រុក ខណ្ឌ និងទី២ សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌនៅថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ស្អែកនេះ បន្ទាប់ពីរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ។

ការសម្រេចបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩នេះ។

ឯកឧត្ដម ម៉ម ប៊ុននាងសមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាប្រាប់អ្នកសាព័ត៌មាន ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ គឺពិតជាមានសារសំខាន់ ដើម្បីកសាងធនធានមនុស្សពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិជាពិសេសអភិវឌ្ឍមូលដ្ឋាន ។ ម៉្យាងវិញទៀតការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឲ្យស្រប់ទៅនឹង ច្បាប់បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងច្បាប់បោះឆ្នោតជ្រើសតំណាងរាស្រ្ដ និងច្បាប់ពាក់ព័ន្ធទៅនឹងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងទី២ សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣ ខែមករា លើសម្លេង១០៨ លើ១០៨សម្លេង។​ ការ​បោះ​​ជ្រើស​រើស​​ក្រុម​​ប្រឹក្សា​​រាជ​ធានីខេត្ត ក្រុង ស្រុក​ខណ្ឌនីតិកាលថ្មីនឹង​​ធ្វើឡើងនៅអំឡុង​​ខែឧសភាឆ្នាំ២០១៩​​ខាង​​មុខ​​នេះ​៕