អ្នកសារព័ត៌មានជាតិប្រមាណជាង៤៥០០នាក់ត្រៀមចូលរួមក្នុងជំនួបលើកទី៣ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៅថ្ងៃទី១១ខែមករា ស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហុក សុខរិន

ភ្នំពេញ៖  អ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង៤៥០០នាក់ត្រៀមចូលរួមក្នុងជំនួបលើកទី៣ជាមួយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ស្អែកនេះ ដើម្បីបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះក្រសួងបានចាត់ចែងផ្តល់កាតសរុបចំនួន ៤៥៧៩នាក់ ជូនដល់បណ្តាក្រសួង-ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដើម្បីចូលរួមក្នុងជំនួបរវាងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមអ្នកសារព័ត៌មានក្នុងស្រុកលើកទី៣នេះ ដែលប្រព្រឹត្តទៅថ្ងៃទី១១ ខែមករាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន ដែលបានរាយការណ៍ផ្ទាល់ទៅកាន់តឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម ផុស សុវណ្ណបានបញ្ជាក់ថា អ្នកចូលរួមក្នុងជំនួប ជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣ ជាង៤៥០០នាក់នេះ ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន សរុបចំនួន ១,០១៤នាក់  ស្ថានីយវិទ្យុ និងទូរទស្សន៍ សរុបចំនួន ៩៥៥នាក់ សារព័ត៌មានបោះពុម្ពផ្សាយ សរុបចំនួន ៩៧៩នាក់ ៤ ក្រុមការងារ Facebook សរុបចំនួន ៩៦នាក់ គេហទំព័រ និង TV Online សរុបចំនួន ៦៤៤នាក់  អ្នកនាំពាក្យក្រសួង-ស្ថាប័ន សរុបចំនួន ១៣៤នាក់  អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុបចំនួន ២៨៤នាក់  ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៤៧នាក់ ក្រុមការងារសន្តិសុខ សរុបចំនួន ១៥០នាក់ និងឧកញ៉ា-អគ្គនាយក ព្រមទាំងសហការី និងម្ចាស់ក្រុមហ៊ុនឯកជន សរុបចំនួន២៧៦នាក់។

ឯកឧត្តម ផុស សុវណ្ណបានបញ្ជាក់ថា ជំនួបអ្នកសារព័ត៌មានក្នុងស្រុកជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣ ដែលមានការកើនឡើងចំនួនអ្នកចូលរួមរហូតដល់ជាង៤៥០០នាក់នេះ ដោយសារតែជំនួបលើកនេះ ក្រៅពីការចូលរួម របស់ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ អ្នកនាំពាក្យតាមរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមក្រសួង ស្ថាប័ននោះ គឺក៏មានការអញ្ជើញអភិបាលខេត្ដ រាជធានី រួមទាំងរដ្ឋមន្រ្ដីតាមក្រសួងមួយចំនួនផងដែរ ដើម្បីមកចូល រួមក្នុងជំនួបនេះ។

ឯកឧត្តមបានចាត់ទុកថា ការរៀបចំជំនួបនេះឡើងគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអ្នកសារព័ត៌មាន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ បានយល់ដឹងកាន់តែជ្រួតជ្រាបពីតួនាទី និងការ ទទួលខុសត្រូវរៀងៗខ្លួន ទាំងអ្នកសារព័ត៌មាន អាជ្ញាធររាជធានី ខេត្ដ ព្រមទាំងក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្សព្វផ្សាយព័ត៌មាន ការឆ្លើយតប និងការបំភ្លឺបានទាន់ពេលវេលា ចំពោះអ្វីដែលមានកើតឡើង នៅតាមស្ថាប័នរបស់ខ្លួននីមួយៗ។

សូមបញ្ជាក់ថា  ជំនួបជាប្រវត្តិសាស្ត្រលើកដំបូងរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ជាលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដែលមានអ្នកសារព័ត៌មានក្នុងស្រុកចូលរួមប្រមាណជាង៣០០០នាក់ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ខណៈជំនួបលើកទី២ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រដែលមានអ្នកសារព័ត៌មានក្នុងស្រុកចូលរួមប្រមាណជាង៤០០០នាក់៕