ក្រុមនិស្សិតមកពីខេត្តបង្ហាញផលិតផលក្នុងស្រុកពេលសម្ពោធវិមានឈ្នះ ឈ្នះ និងឆ្លងឆ្នាំសកល

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖ ក្រុមនិស្សិតមកពីខេត្តបាននាំយកផលិតផលក្នុងស្រុកជាច្រើនមុខមកដាក់បង្ហាញ​ដើម្បីសុំការគាំទ្រ​ពីមហាជន​ដែលមកចូលរួមលេងកំសាន្តក្នុងឱកាសពិធីសម្ពោធវិមានឈ្នះឈ្នះ និងពិធីឆ្លងឆ្នាំសកលនេះ។

កញ្ញាលាង សុភារី ជានិស្សមកពីសាកលវិទ្យាល័យមួយនៅខេត្តកំពង់ចាមដែលបានមកចូលរួមតាំង​ពិព័រណ៍ផលិត​ផលខ្មែរក្នុងឱកាសពិធីសម្ពោធវិមានឈ្នះឈ្នះ និងពិធីឆ្លងឆ្នាំសកលនេះបានឲ្យដឹងថា ផលិតផលខ្មែរដែល​ក្រុមនិស្សិត​យក​មកលក់នៅពេលនេះ មានគ្រប់ស្វាយចន្ទី សណ្តែកដី ត្រណាប់អំពិល អំបិលលាយគ្រឿង និងគ្រប់ធុញជាតិជា​ច្រើនមុខទៀត ដោយមានការឌីសាញ និងវេចខ្ចប់យ៉ាងមានអនាម័យ។

ចំណែក ម៉េង សៀវ ម៉ឺ ជានិស្សិតនៃមកពីខេត្តកំពង់ចាមដែរបានលើកឡើងដែរថា ផលិតផលទាំងនេះបានជ្រើសរើសសំរិត​សំរាំង​​ទិញពីកសិករតាមបណ្តាខេត្តផ្សេងៗដើម្បីលើកទឹកចិត្តដល់ពួកគាត់ ។ ម៉្យាងវិញទៀត ការនាំយកផលិតផលខ្មែរ​មកមកបង្ហាញ និងលក់នេះ ក៏ជាការបង្កើតការងារដោយខ្លួនឯងផង និងរួមចំណែកលើកកម្ពស់ផលិតផលរបស់​កសិករផង​ដែរ ​។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងពិធីឆ្លងឆ្នាំសកលនេះ ក៏មានការ​តាំងពិព័រណ៌ផលិតផលខ្មែរមកពីគ្រប់បណ្តាខេត្តរាជធានី និងក្រុមហ៊ុនជាច្រើនទៀតផងដែរ៕