រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្ញើសារអបអរសាទរសម្ដេចតេជោហ៊ុន សែន ក្នុងឱកាសខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានផ្ញើរសារអបអរសាទរ សម្ដេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨-២៩ឆ្នាំ ២០១៨។
ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីរាជការក្នុងក្របខណ្ឌរបស់ក្រសួងព័ត៌មានទាំងមូល ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមសម្ដែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងលំអោនកាយបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្កសិទ្ធទាំងឡាយក្នុងលោក សូមជូនពរសព្ទសាធុកាពរ ដល់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមឥឲ្យសម្តេច មានសុខភាពល្អបរិបូរណ៌ កាយពេញមាំមួន បញ្ញាញាណភ្លឺថ្លានិងអាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗដ៏ធំធេងបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងឱកាសដ៏មហាកិត្តិយសនេះ ពិតជាស័ក្តិសម នឹងការផ្ដល់តម្លៃជាកិត្តិយស ដ៏ឧត្តុងឧត្តម ក្នុងវីរៈភាព និងស្នាដៃដឹកនាំប្រទេសរបស់សម្ដេច តេជោហ៊ុន ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតខ្ពស់ ឆ្ពោះទៅរកការអភិវឌ្ឍ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសំបូររុងរឿង ដែលជាសក្ខីកម្ម ផ្តើម ចេញពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ធ្វើអោយប្រទេសកម្ពុជាមានកិត្យានុភាព ទៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយមានការគាំទ្រពី បណ្ដាមេដឹកនាំ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍និង ពីគ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងព័ត៌មាន សូមសម្ដែងនូវភក្តីភាព និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតនិងសូមវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងចក្រវាឡ ព្រំជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុសស្រី ជាទីស្រឡាញ់ បានជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕