សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការពារប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យ ឯកឧត្តម ចាន់សាម៉ន ចាន់ញ៉ាឡាត ​(Chansamone Chanyalath) រដ្ឋមន្ត្រីការពារ​ប្រ​ទេ​ស​ឡា​វ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០១៨ នៅ​វិមាន​សន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹង នៅ​ក្រោ​យ​ជំនួប​ថា ​ឯកឧត្តម ​ចាន់ញ៉ាឡាត បានគោរពពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់​ដឹក​នាំ​ឡា​វ ចំ​ពោះ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះដំណើរការវិវត្តន៍ និ​ង​​ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយ ដែល​មា​ន​ភាពស្រស់ស្អាត ហើយក៏មានការរីកចម្រើន អភិវឌ្ឍន៍យ៉ាងលឿន​ឆាប់រហ័សផងដែរ។  លើ​ស​ពីនេះទៅទៀត ឯកឧត្តម ក៏បានគោរពជម្រាបជូន ពីជំនួបឯកឧត្តមផ្ទាល់ ជាមួយនឹងសម្ដេច ពិជ័​យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទាក់ទងទៅនឹងកិច្ចសហ​ប្រ​តិ​បត្តិការ រវាងក្រសួងការពារប្រទេសឡាវ និងក្រសួងការពារជាតិកម្ពុជា ដែលសង្កត់ធ្ងន់​ទៅ​លើការហ្វឹកហាត់ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នានិងគ្នា និងការផ្លាស់ប្តូរព័ត៌មាន រវាង​គ្នា​ទៅវិញទៅមក។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានគោរពនូវការអបអរសាទរ ចំពោះ​ខួប​នៃការបញ្ចប់សង្គ្រាម របស់ប្រទេសកម្ពុជា និងការដាក់សម្ភោធ វិមានឈ្នះ ឈ្នះ នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ២០១៨ផងដែរ​នេះ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ច​សន្ទ​នា​រវា​ងឯកឧត្តម ចាន់សាម៉ន ចាន់ញ៉ាឡាត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយក៏បានស្នើ​សុំ​ឲ្យ ជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព រវាងប្រជាជន និង​ប្រ​ជា​​ជន ព្រោះថានេះគឺជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍសង្គម។ សម្តេចតេជោ ក៏បាន​ជម្រាប​ឯក​ឧត្តមរដ្ឋមន្ត្រីការពារប្រទេសឡាវផងដែរ អំពីដំណើរការ នៃការបញ្ចប់សង្គ្រាម តាមរយៈ​ការ​ដា​ក់​ចេញ នូវនយោបាយឈ្នះឈ្នះនេះ ក៏ដូចជាការចុះចូល នៃអតីតមេដឹកនាំខ្មែរក្រហម នៅ​ផ្ទះ​រប​ស់សម្ដេច។ ជាងនេះទៀតសម្ដេចបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាថ្ងៃខួប២០ឆ្នាំ នៃការ​បញ្ច​ប់សង្គ្រាម ដែលធ្វើឲ្យប្រទេសជាតិ ទទួលបានការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និ​ង​មានការអភិវឌ្ឍន៍ រីកចំរើនរហូតដល់សព្វថ្ងៃនេះ៕

ដោយ ជឹម ណារី