ពិធីបំពាក់កន្សែងដល់យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៨ ខែធ្នឆ្នាំ២០១៨ –យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចំនួន ១០០នាក់ ត្រូវបានបំពាក់កន្សែងដើម្បីចូលរួមដោយពេញសិទ្ធនៅក្នុងសកម្មភាពមនុស្សធម៌សង្គម ហើយក្នុងចំណោមយុវជនស្ម័គ្រចិត្តទាំង១០០នាក់នោះ មាន៥០នាក់មកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប និង៥០នាក់ទៀតមកពីវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ដែលពិធីបំពាក់កន្សែងនេះបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គួយ ណាលីន ឃឹមប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

       

លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ការបំពាក់កន្សែងដល់យុវជននាពេលនេះ គឺដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រឡងចេញ ឬ ត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ ។ លើសពីនេះកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព។

 

លោកជំទាវបានមានប្រសាសន៍ទៀតថា នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះដែរកាកបាទក្រហមកម្ពុជាបានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “យុវជនកំពុងនាំគ្នាធ្វើកម្មភាព យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម” ។

    

លោកជំទាវក៏បានលើកឡើងនូវតួនាទីភារកិច្ចដល់ប្អូនៗយុវជន ក្នុងការចូលរួមការងារសង្គមថា ក្នុងនាមតំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌  ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ  និងពលរដ្ឋល្អក្នុងសង្គម ព្រមទាំងចូលរួមក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅក្នុងសាលានិងសហគន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលានិងសហគមន៍របស់ខ្លួន និងចាកចៀឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ៕

ដោយហង្ស សៀក