រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំរៀបចំផែនការបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ –នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ស៊្រុន ស៊្រន់ អភិបាលស្តីទីខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីសាលាក្រុង ចៅសង្កាត់ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ និងអង្គភាពពាក់ពន្ធមួយចំនួនទៀត ដើម្បីដាក់ចេញនូវវិធានការ ៦ចំណុច ដើម្បីត្រៀមរៀបចំបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

លោក ស៊្រ ស៊្រន់ អភិបាលខេត្តស្តីទី មានប្រសាសន៍ណែនាំដល់មន្រ្តីក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវត្រៀមរៀបចំនូវចំណុចមួយចំនួន រួមមាន៖ ១-ណែនាំប្រជាពលរដ្ឋឱ្យវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងដាក់ពង្រាយធុងសំរាមតាមទីធ្លាសាធារណ ជំរុញរថយន្តដឹកសំរាមចេញពីក្រុងបានទាន់ពេលវេលា ។ ២-រៀបចំបង្គន់ចល័ត ទឹកស្អាត ភ្លើងលម្អ ។ ៣-រៀបចំតង់ស្នាក់នៅ និងបង្គន់អនាម័យចល័ត បន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងងូតទឹកសាប បំពាក់ភ្លើងបំភ្លឺ និងការការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ ។ ៤-រៀបចំកន្លែងចតយានយន្ត និងច្រកចេញ-ចូល ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ ៥-ត្រៀមរថយន្តពេទ្យសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យតាមចំណុចគោលដៅ ។ ៦-ត្រៀមកម្លាំងការពារសន្តិសុខ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។

 សូមបញ្ជាក់ថា ពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩នេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ  ដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយៗជាច្រើន មានដូចជា ការប្រគុំតន្ត្រី ដែលមានតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមសម្ដែង មានស្តង់ពិព័រណ៍ផលិតផល ២៥០ស្តង់ មានបាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ ជាដើម ៕

ដោយ ងូ សុមុនី