LASED ll ផ្តល់សម្ភារបច្ចេកទេសសម្រាប់ដាំបន្លែ និងចិញ្ចឹមមាន់ ជូនដល់សម្បទានិកចំនួន ២៦គ្រួសារ នៅស្រុកព្រែក​ប្រសព្វ

AKP ក្រចេះ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ –គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) តាម រយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានផ្តល់នូវសម្ភារបច្ចេកទេសសម្រាប់ដាំបន្លែ និងចិញ្ចឹមមាន់ជូនសម្បទានិកចំនួន ២៦គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គម កិច្ចក្នុងឃុំចំបក់ ស្រុកព្រែក​ប្រសព្វ​ ខេត្តក្រ​ចេះ​ កាលពី​រសៀលថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

 នៅក្នុងកាផ្តល់ជូនជាសម្ភារបច្ចេកទេសសម្រាប់ដាំបន្លែ និងចញ្ចឹមមាន់នោះ ត្រូវបានគេបែងចែកជាពីរក្រុមក្នុងនោះ ក្រុមទី១ គម្រោងបានផ្តល់សម្ភារបច្ចេកទេសសម្រាប់ដាំបន្លែជូនសម្បទានិកចំនួន ១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសំណាញ់គម្រប និងសំណាញ់សម្រាប់សួនបន្លែចំនួន៦០ម៉ែត្រ គ្រាប់ពូជបន្លែចម្រុះចំនួន១កញ្ចប់ធំ ធុងស្រោច ដំណាំចំនួនមួយគូ ព្រមទាំងផ្តល់សម្ភារបច្ចេកទេសម្រាប់ចិញ្ចឹមមាន់ ។ ក្រុមទី២ មានសម្បទានិកចំនួន ១០គ្រួសារ ទទួលបានសំណាញ់សម្រាប់ធ្វើទ្រុងមាន់ចំនួន ៦គីឡូក្រាម  និងពូជមាន់ ក្នុងស្រុកចំនួន ១០ក្បាល ។                
   

សម្បទានិកទាំង២៦គ្រួសារ ដែលបានទទួលសម្ភារបច្ចេកទេសសម្រាប់ដាំបន្លែនិងចិញ្ចឹមមាន់នៅពេលនេះ គឺជាសម្បទានិកដែលមានគោលបំណងច្បាស់លាស់ក្នុងការដាំបន្លែ និងចិញ្ចឹមមាន់ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពីមន្ត្រីកសិកម្មតាមរយៈការធ្វើបទបង្ហាញនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចនីមួយៗ ។ 
 

នេះជាលើកដំបូងនៃការផ្តល់សម្ភារបច្ចេកទេសសម្រាប់ដាំបន្លែ និងចិញ្ចឹមមាន់ ជូនសម្ប ទានិករបស់គម្រោង ហើយគម្រោងនេះនឹងបន្តផ្តល់ជូនសម្ភារនិងបច្ចេកទេសទាំងនេះជូន    សម្បទានិក ទៅគ្រប់ទីតាំងទាំង១៤កន្លែងរបស់គម្រោងបែកចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ( LASED ll )

ដោយ ជួន សុជាតិ